ព័ត៌មានជាតិ

ប្រជាជនចិន ចូលចិត្តទទួលទាន អង្ករសែនក្រអូប របស់កម្ពុជា ជាសញ្ញាកាន់តែល្អ ក្នុងការនាំចេញអង្ករ

នៅឆ្នាំ២០២១ ទំនិញកសិកម្មកម្ពុជាជាង ៨៣ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ជាចំនួនដ៏ច្រើនមួយគួរ ឲ្យកត់សម្គាល់ រីឯអង្ករវិញ បើទោះបីជាធ្លាក់ចុះនៃ ការនាំចេញទៅក្រៅប្រទេស ក៏ប៉ុន្តែការនាំចេញអង្ករទៅប្រទេសចិន នៅតែមានកំណើនគួរឲ្យកត់សម្គាល់ ដូច្នេះ នៅឆ្នាំ២០២២នេះ កម្ពុជាជឿជាក់ថា ផលិតផលកសិកម្មរបស់ខ្លួន នឹងនាំចេញទៅប្រទេសចិនកាន់តែច្រើន ព្រោះតែការចូលជាធរមាននៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាមួយនឹងកូតាថ្មី នៃការនាំចេញអង្ករ ៤០ម៉ឺនតោន ទៅចិន។

នេះគឺជាលើកឡើងរបស់ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៨ មីនា ២០២២។

ឯកឧត្តមក៏លើកឡើង ពីការនាំចេញអង្កររបស់កម្ពុជា ទៅប្រទេសចិនដែរ ក្នុងនោះ ទោះបីជាឆ្នាំ២០២១ ការនាំចេញអង្ករកម្ពុជា ទៅក្រៅប្រទេសធ្លាក់ចុះ ក៏ប៉ុន្តែការនាំចេញទៅប្រទេសចិន នៅតែបន្តកើនឡើង ដោយនៅឆ្នាំ២០២២នេះ កម្ពុជាទទួលបានកូតានាំចេញ ៤០ម៉ឺនតោន ទៅប្រទេសចិន ដែលជាកូតាថ្មី។

លោកជឿជាក់ថា អង្ករកម្ពុជានឹងបន្តកើនឡើងបរិមាណ នាំចេញទៅប្រទេសចិន ខណៈដែលប្រជាជនចិនចូលចិត្ត ទទួលទានអង្ករសែនក្រអូប របស់កម្ពុជាណាស់ ព្រោះតែរស់ជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ។

លោកបានគូសបញ្ជាក់ថា អង្ករក្រអូបរបស់កម្ពុជា មាន២ប្រភេទ រួមមាន អង្ករក្រអូបប្រណិត ដែលប្រើប្រាស់ពូជផ្ការំដួល ជាប្រភេទពូជប្រកាន់រដូវដាំដុះ ពោលគឺបានតែម្តង ក្នុង១ឆ្នាំ ហើយបានជាប់លេខ១ បីឆ្នាំជាប់ៗគ្នា លើពិភពលោក រីឯមួយប្រភេទទៀត គឺជាប្រភេទសែនក្រអូប ជាអង្ករក្រអូបធម្មតា អាចដាំពេលណាក៏បាន មិនប្រកាន់រដូវ ឲ្យតែមានទឹកគឺអាចដាំបានហើយ រីឯទិន្នផលវិញ មានកម្រិតខ្ពស់ ជាមធ្យម ៥ទៅ៧ តោន ក្នុងមួយហិកតា។

លោក ងិន ឆាយ បានបញ្ជាក់ទៀតថា ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជានិងចិន បានចូលជាធរមាន រួចមក ក្រសួងកសិកម្មសង្កេតឃើញថា មានសញ្ញាល្អច្រើនសម្រាប់ការនាំចេញ ផលិតផលកសិកម្មរបស់កម្ពុជា ដោយសារតែបន្ទាត់ពន្ធគយ លើមុខទំនិញមួយចំនួន ត្រូវបានធ្លាក់ដល់កម្រិតទាប ខណៈដែលមួយចំនួនទៀត គឺគ្មានរបាំងពន្ធគយតែម្តង ដូច្នេះ កម្ពុជាអាចបង្កើនការនាំចេញ កសិផលទៅប្រទេសចិន បានកាន់តែច្រើន។

គួររម្លឹកដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមាន កាលពីថ្ងៃទី១ មករា ២០២២ ដែលគេជឿជាក់ថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំមួយលើពិភពលោក នឹងកាន់តែល្អប្រសើរ។ កម្ពុជាបាននិងកំពុងបន្តចរចា នាំចេញកសិផលបន្ថែមទៀត ទៅកាន់ប្រទេសចិន ជាពិសេស តាមបច្ចេកទេសភូតគាមអនាម័យ ដែលពេលថ្មីៗនេះ មានដូចជា ត្រីប្រា និងផ្លែមៀនប៉ៃលិន ជាដើម ក្រៅពីបណ្តាផលិតផលមួយចំនួនទៀត ដែលបាននាំរួចទៅហើយ ដូចជាចេក និងស្វាយជាដើម៕ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន

To Top