ព័ត៌មានជាតិ

សម្តេចតេជោ ៖ តាមការបោះឆ្នោតអន្តរជាតិ កម្ពុជាមិនគាំទ្ររុស្ស៊ី ប្រើកំលាំងឈ្លានពានអ៊ុយក្រែន (Video)

កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀត តាមរយៈការបោះឆ្នោតអន្តរជាតិថា កម្ពុជាប្រកាន់ជំហរមួយជាក់លាក់ គឺមិនគាំទ្រចំពោះប្រទេសរុស្ស៊ី ប្រើកំលាំងទៅប្រឆាំងរំលោភអធិបតេយ្យភាព ប្រទេសអ៊ុយក្រែន ។

កាលពីជាងកន្លះខែមុន នៅក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិ ក្នុងចំណោមប្រទេសជិត២០០ កម្ពុជា ក៏បានបោះឆ្នោតប្រឆាំងរុស្ស៊ីលើការឈ្លានពានអ៊ុយក្រែនផងដែរ ។ គិតមកទល់ពេលនេះ បញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានអូសបន្លាយប្រមាណជា១ខែមកហើយ ។ សម្រាប់ជម្លោះរវាងប្រទេសទាំង២នេះ ហាក់មិនថមថយសោះ ទោះបីជាប្រទេសជាច្រើនអន្តរាគមន៍ ក៏ដូចជាដាក់ទណ្ឌកម្មលើរុស្ស៊ីយ៉ាងណាក៏ដោយ ។

ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ថា សម្តេចតេជោបានមានប្រសាសន៍ថា «ព្រឹកមិញនេះមានការផ្ញើសារមកសុំយោបល់ថា តើគួរបោះឆ្នោតការគាំទ្រ ឬបោះអនុប្បវាទ ឬបោះឆ្នោតប្រឆាំង តែខ្ញុំផ្ញើសំឡេងទៅវិញថាអត់ទេ គឺបោះឆ្នោតដូចដែលយើងធ្វើនៅអង្គការសហប្រជាជាតិអីចឹងចំពោះបញ្ហារុស្ស៊ី និងអ៊ុយក្រែន»។

សម្តេចគូសបញ្ជាក់បន្ថែមថា «កម្ពុជាបញ្ជាក់ច្បាស់ហើយ ចំពោះបន្ទាត់នយោបាយការបរទេស គឺមិនគាំទ្រពីប្រទេសមួយទៅប្រទេសមួយទេ (រុស្ស៊ី-អ៊ុយក្រែន) នោះទេ។ ករណីនេះ មានប្រទេសមួយចំនួនបានបបួលយើងមកបោះឆ្នោតឲ្យគាំទ្រ»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា បញ្ហារបស់រុស្ស៊ី និងអ៊ុយក្រែនគឺមានភាពស្មុគស្មាញ តែកម្ពុជាមិនគាំទ្រចំពោះការវាយប្រហារនោះទេ ហើយប្រឆាំងការប្រើប្រាស់កំលាំង ឬគម្រាមការប្រើប្រាស់កំលាំង ។

សម្តេចនាយករដ្ឋមន្រ្តីបានអះអាងថា នៅគ្រប់ទីកន្លែងទាំងអស់ឲ្យតែមានការលើកឡើងពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន គឺបោះឆ្នោតប្រឆាំងនឹងការឈ្លានពាន និងប្រឆាំងការប្រើប្រាស់កំលាំង។

សម្តេចថា រឿងរបស់រុស្ស៊ីទៅវាយរំលោភអ៊ុយក្រែន គឺជារឿងទម្លាប់អាក្រក់មួយ ចំពោះប្រទេសមហាអំណាចទៅរំលោភប្រទេសទន់ខ្សោយ។

សម្តេចតេជោបញ្ជាក់ថា «រឿងនេះមិនមែនជារឿងតួចតាចនោះទេ គឺរឿងបង្កើតជាទម្លាប់អាក្រក់នៅលើពិភពលោក អ្នកខ្លាំងវៃអ្នកខ្សោយ អីចឹងបើអ្នកខ្លាំងវៃមកលើយើង តើអ្នកណាជួយយើង។ អីចឹងយើងប្រកាន់គោលការណ៍មួយជាក់លាក់»។

សម្តេចនាយករដ្ឋមន្ត្រីក៏បានទៀតបន្ថែមថា រឿងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មិនមែនជារឿងលែងសើចនោះទេ ហើយពេលនេះ បានកំពុងតែធ្វើឲ្យមានចលាចលដល់ស្រុកខ្មែរ គឺធ្វើឲ្យសាំងឡើងថ្លៃ។

សម្តេចថា ករណីសាំងឡើងថ្លៃនេះ គ្មានអ្នកណាគេចរួចនោះទេ ទោះបីជាជំងឺកូវីដបានកំពុងឆ្លងកាត់ប៉ុន្តែរឿងកូវីដនេះ មានឥទ្ធិពលតិចជាងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ពេលនេះបានចាប់ផ្តើមរាលដាលពេញសកលលោកហើយ បើសិនមិនប្រញាប់បញ្ចប់នោះទេ ។ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះសម្តេច ក៏បានបន់ស្រស់និងអំពាវនាវឲ្យមានបទឈប់បាញ់ និងឲ្យមានការចរចាសម្រុះសម្រួលគ្នា ពីព្រោះការប្រើកំលាំងយោធានេះពិបាកខ្លាំងណាស់៕

To Top