ព័ត៌មានជាតិ

សភាពាណិជ្ជកម្ម សហគមន៍អឺរ៉ុបប្រចាំ នៅកម្ពុជា ប្រកាសគាំទ្រ ដល់ការងារបោសសម្អាតមីន នៅខេត្តកំពង់ចាម

ភ្នំពេញ ៖ ឆ្លើយតប តាមសំណើ របស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនសភា ពាណិជ្ជកម្មសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន មនុស្សធម៌ ព្រមទាំងកៀរគរ នូវធនធានហិរញ្ញវត្ថុពីបណ្តាវិស័យ ឯកជន នានាក្នុងក្របខណ្ឌសហគមន៍អឺរ៉ុប សម្រាប់គាំទ្រដល់ការងារ បោសសម្អាតមីន នៅខេត្តកំពង់ចាម ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់អាជ្ញាធរមីន ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្ម សហគមន៍អឺរ៉ុបប្រចាំ នៅកម្ពុជា (EuroCham Cambodia)នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងការទទួល ជោគជ័យ ក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិ ផ្ទុះនៅកម្ពុជារយៈពេល ៣០ឆ្នាំកន្លងទៅនេះ ដែលមានការចូលរួមគាំទ្រ ពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ជាពិសេសការ ទទួលបាននូវ សុខសន្តិភាពពេញលេញ ទូទាំងប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ។ ជាមួយគ្នានេះ កម្ពុជា បានដាក់ចេញ នូវចក្ខុវិស័យយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការ គម្រាមកំហែង ដោយសារ មីន នៅត្រឹមឆ្នាំ២០២៥ និងការបន្តដោះស្រាយបញ្ហា នៅសេសសល់ដោយសារសំណល់ជាតិ ផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ ។

លោក ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីគាំទ្រដល់ផែនការ អាទិភាពរបស់រាជរដ្ឋាភិបាល និង ឈានទៅសម្រេច បាននូវចក្ខុវិស័យ “កម្ពុជា មួយគ្មានមីនឆ្នាំ២០២៥” អាជ្ញាធរមីន បានរៀបចំនូវគោលការណ៍ ណែនាំស្តីពីការ អនុវត្តយន្តការ ភូមិអស់មីន ដែលនឹងធានាថា រាល់ចម្ការមីន ទាំងអស់ដែលមាននៅក្នុងភូមិត្រូវបានបោសសម្អាត ក្នុងគោលដៅជួយពន្លឿន ដល់ការបោសសម្អាតមីន និងទាក់ទាញនូវការ ចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ។ ការអនុវត្តយន្តការនេះ នឹងចាប់ផ្តើមអនុវត្តចេញពីភូមិមួយទៅភូមិមួយ និងខេត្តដែលមានផលប៉ះពាល់ដោយសារមីនតិចតួច ជាក់ស្តែងអាជ្ញាធរមីន បានបញ្ចប់ដោយជោគជ័យក្នុងខេត្តកែបនិងគ្រោងបញ្ចប់ការងារបោសសម្អាតមីននៅខេត្តព្រៃវែងខាងមុខនេះ ក្រោមការចូលរួមជួយគាំទ្រពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។

លោក Tassilo Brinzer បានសម្តែងនូវការសោកស្តាយចំពោះប្រទេសកម្ពុជា ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម ព្រមទាំងបានបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស បង្កឲ្យមានការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ ។

ជាមួយគ្នានេះ លោកប្រធាន សភាពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេច បានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលកន្លងមក៕

To Top