ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ៖ ពន្ធដារ និងគយ កាត់បន្ថយពន្ធនាំចូល រថយន្ដអគ្គិសនី ៥០% ខណៈរថយន្ដធម្មតា នាំចូលត្រូវបង់ពន្ធ ១២២%

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានកាត់បន្ថយពន្ធនាំចូលរថយន្ដអគ្គិសនី មកប្រទេសកម្ពុជា ៥០% ខណៈរថយន្ដធម្មតាពន្ធនាំចូលត្រូវបង់ ១២២%។

ក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០៥០ កុំឲ្យបញ្ចេញជាតិពុលនៅក្នុងបរិស្ថាន។ ដូច្នេះ ថ្ងៃនេះ ជាជំហានទីមួយ ឆ្ពោះទៅរកការកាត់បន្ថយ បញ្ចេញជាតិពុលទៅក្នុងបរិស្ថាន។

លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា «ផ្សព្វផ្សាយទៅបងប្អូនប្រជាពលរដ្ឋយើងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ ពន្ធដារ និងគយក៏បានកាត់បន្ថយអាត្រាពន្ធ នាំចូលរថយន្ដប្រើដោយអគ្គិសនី។ ជាមធ្យមរថយន្ដធម្មតាពន្ធនាំប្រហែលជា ១២២ភាគរយ។ ប៉ុន្ដែរថយន្ដប្រើអគ្គិសនីគឺ ៦៣ភាគរយ ដូច្នេះកាត់បន្ថយ ៥០ភាគរយ»។

លោក បានបន្ដថា នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៣ បានឯកភាពដំឡើងស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី នៅប្រទេសកម្ពុជា ខណៈមានក្រុមហ៊ុនមួយ គ្រោងនឹងដំឡើងស្ថានីយនេះ នៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរការសាងសង់ហើយ មានតែជំរុញការដំឡើងស្ថានីយ បញ្ចូលថាមពលអគ្គិសនីទេ អាចជំរុញការប្រើប្រាស់យានយន្តអគ្គិសនី នៅកម្ពុជា។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានបង្ហើបថា អង្គការ UNDP បានផ្ដល់ជំនួយជាស្ថានីយ បញ្ចូលថាមពលអគ្គិសនីចំនួន ៤ មកក្រសួង ដែលមួយគ្រឿងនឹងសម្ពោធ ដាក់ឱ្យប្រើប្រាស់នៅភ្នំពេញ។ ចំណែក ៣គ្រឿងទៀត នឹងដាក់នៅខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងវិនិយោគិន ដើម្បីសាងសាង់ស្ថានីយបញ្ចូលថាមពល អគ្គិសនីនៅទូទាំងប្រទេស ៕

To Top