ព័ត៌មានជាតិ

ក្រសួងកសិកម្ម អំពាវនាវ ម្ចាស់ចម្ការមៀន រួសរាន់ដាក់ពាក្យស្នើសុំ ចុះបញ្ជីនាំចេញទៅចិន

ភ្នំពេញ ៖ ក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍ កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ រួសរាន់ដាក់ពាក្យស្នើសុំ ចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀន សម្រាប់នាំចេញទៅកាន់ប្រទេសចិន ។

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងកសិកម្ម មានសេចក្តីសោមនស្សរីករាយ ជម្រាបជូនដំណឹងបន្ថែមដល់ម្ចាស់ចម្ការ សហគមន៍ កសិកម្មមៀនប៉ៃលិន និងផ្នែកឯកជន ពាក់ព័ន្ធជ្រាបថា ពិធីសារស្តីពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀន ស្រស់កម្ពុជា ទៅកាន់ប្រទេស ចិន ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១៦ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

ក្រសួង បញ្ជាក់ថា «សូមអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និង ម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។

ក្រសួង បន្ដថា សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរការនេះ ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោង ចក្រវេចខ្ចប់ សូមធ្វើការទំនាក់ទំនងទៅកាន់ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជា អង្គភាពជំនាញ មានសមត្ថកិច្ចជាតិ ទទួលបន្ទុកលើការងារ ពាក់ព័ន្ធនឹងការចរចារស្តីពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ ដើម្បី ជំរុញការនាំចេញកសិផល (រុក្ខជាតិនិងផលិត ផលរុក្ខជាតិ) ទៅកាន់ប្រទេសនានា រួមទាំងប្រទេសចិនផងដែរ៕

To Top