ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលខេត្តព្រៃវែង ឃាត់ខ្លួននាយប៉ុស្តិ៍នគរបាល រដ្ឋបាលព្នៅទី១ បន្ទាប់បាញ់ប្រហារប្រពន្ធចុងស្លាប់

ព្រៃវែង ៖លោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ នេះក្នុងករណីបាញ់ប្រហារ ប្រពន្ធចុងបណ្ដាលឲ្យស្លាប់ ក្នុងថ្លុកឈាម។

សមត្ថកិច្ចនគរបាល ខេត្តព្រៃវែង បានឲ្យដឹងថាមានករណីបាញ់ប្រហារ បណ្ដាលឲ្យស្ត្រីម្នាក់បានស្លាប់ ក្នុងថ្លុកឈាម កាលវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី២៤ខែមីនា ឆ្នាំ២០២២ នៅចំណុចលើផ្លូវលំ មុខវត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាល បានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះម៉ៅ សុវណ្ណហុង ភេទប្រុស អាយុ ៥៣ឆ្នាំ ជានាយប៉ុស្តិនគរបាលរដ្ឋបាលព្នៅទី១ ។ រស់នៅភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ ចំណែកឯជនរងគ្រោះ ឈ្មោះ សុខ មួយ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ត្រូវជាប្រព ន្ធ ចុងជនសង្ស័យ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ ជនសង្ស័យ បានយកអាវុធខ្លី ១ ដើម ម៉ាក k54 ពីកាតាបបាញ់ ទៅលើជនរងគ្រោះចំនួន៤គ្រាប់ តែផ្ទុះ២គ្រាប់ ត្រូវចំក្បាល១គ្រាប់ និងក១គ្រាប់ បណ្តាលឲ្យ ដួលស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ។

មូលហេតុ ដែលឈានទៅដល់ការបាញ់ ប្រហារគ្នានេះ គឺមានទំនាស់ពាក្យសំដីតាមផ្លូវ ក្រោយពីចេញកម្មវិធីខួបកំណើត កូនអ្នកភូមិជាមួយគ្នា។

សូមបញ្ជាក់ថានៅក្នុងហេតុការណ៍ បាញ់ប្រហារនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ ព្រំសន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ចុះដឹកនាំកម្លាំងទាំង យប់ឈានទៅដល់ការឃាត់ខ្លួន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលញ្នៅទី១ បានភ្លាមៗ ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់។

បើតាមសមត្ថកិច្ច នគរបាលស្រុកស៊ីធរកណ្ដាល បានអះអាងថាទោះបី មានឋានៈតួនាទី ជានាយប៉ុស្តិ៍ ក៏ដោយអោយតែធ្វើខុស នឹងច្បាប់ត្រូវមានទោសទណ្ឌ ដូចប្រជាពលរដ្ឋធម្មតាដែរ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែគោរពច្បាប់ ឲ្យបានខ្ជាប់ខ្ជួន។

To Top