ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ក្រៅពីព្រះមហាក្សត្រ មានតែនាយករដ្ឋមន្រ្តី និងក្រសួងការបរទេស មានសិទ្ធិនិយាយពីគោលនយោបាយការបរទេស តំណាងឲ្យកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗថា ក្រៅពីព្រះមហាក្សត្រ មានតែនាយករដ្ឋមន្រ្តី និងក្រសួងការបរទេសតែប៉ុណ្ណោះ ដែលមានសិទ្ធិនិយាយពីគោលនយោបាយការបរទេសតំណាងឲ្យកម្ពុជា នៅក្នុងកិច្ចការគោលនយោបាយអន្តរជាតិ ។

ការចេញមកបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បែបនេះបន្ទាប់ពីមានការអត្ថាធិប្បាយជាច្រើន ពាក់ព័ន្ធទៅនឹង គោលនយោបាយរបស់កម្ពុជា លើជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។

ថ្លែងចេញពីវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ២-៣ថ្ងៃនេះបានកើតឡើងរឿងរ៉ាវមួយដែលសម្ដេចត្រូវតែបញ្ជាក់ជាសាធារណៈ សម្រាប់ប្រជាពលរដ្ឋកម្ពុជានោះ គឺការដែលកម្ពុជា បានបោះឆ្នោតប្រឆាំងការឈ្លានពាន របស់រុស្ស៊ីទៅកាន់អ៊ុយក្រែន។

សម្ដេចតេជោបន្តថា កម្ពុជាបានបោះឆ្នោត ២លើករួចមកហើយ មិនមែនគ្រាន់តែជាការបោះឆ្នោតនោះទេ ក៏ប៉ុន្តែកម្ពុជាបានឈរនៅក្នុងឋានៈជាគោលហ្រ្វង់ស័រឬក៏សហស្ថាបនិក នៃការសម្រេចចិត្តនៅអង្គការសហប្រជាជាតិ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ បែរជាមានអ្នកចេញមកអត្ថាធិប្បាយជំនួសជាហូរហែរ។

សម្ដេចគួសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនត្រង់ចំណុចនេះបន្តិច អ្នកដែលមានសិទ្ធិនិយាយជាផ្លូវការ បានសម្រាប់គោលនយោបាយការបរទេសតំណាងឲ្យកម្ពុជា ក្រៅពីព្រះមហាក្សត្រ គឺមាននាយករដ្ឋមន្រ្តី និងមានក្រសួងការបរទេស ជាផ្លូវការ មិនអាចយកអ្នកផ្សេងមកអត្ថាធិប្បាយជំនួសគោលជំហរកម្ពុជា បាននោះទេ»។

សម្ដេចតេជោ បានឲ្យដឹងផងដែរថា មានការលើកឡើងថា កម្ពុជាបោះឆ្នោតប្រឆាំងរុស្ស៊ី ដោយហេតុផល៤៖ ១-កម្ពុជាមិនទាន់មាននាវាមុជទឹក ,២-កម្ពុជា មិនទាន់យន្តហោះម៉ិចសម្រាប់ទម្លាក់គ្រាប់បែក , ៣-មិនទាន់មានកាតព្វកិច្ចយោធា និង៤-កងទ័ពកម្ពុជា សំបូរទៅដោយឧត្ដមសេនីយ៍ ដែលមានក្បាលពោះធំ។

សម្ដេចបញ្ជាក់ថា «កម្ពុជាប្រកាន់ជំហរ ជាគោលការណ៍ មិនថាតែរុស្ស៊ីនោះទេ ប្រទេសណាក៏ដោយដែលឈ្លានពានទៅកាន់ប្រទេសមួយទៀតកម្ពុជាប្រឆាំងជានិច្ច»៕

To Top