នយោបាយ

រដ្ឋមន្ដ្រីមហាផ្ទៃ ឯកភាពឲ្យប្រើប្រជាការពារភូមិ ការពារថ្ងៃបោះឆ្នោត ដោយបណ្ដុះបណ្ដាលទាំងច្បាប់ និងអក្បកិរិយា (Video)

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខ អចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានគាំទ្រ និងភាពឯកភាព ឲ្យប្រើប្រជាការពារភូមិ ការពារថ្ងៃបោះឆ្នោត នាពេលខាងមុខ ដោយបណ្ដុះបណ្ដាលពួកគាត់ទាំងច្បាប់ អក្បកិរិយា សីលធម៌ មិនមែនសម្រាប់ការពារ គណបក្សនយោបាយណាមួយនោះទេ។

សម្ដេច ស ខេង គាំទ្រឲ្យមានប្រជាការពារភូមិ ការពារថ្ងៃបោះឆ្នោត បែបនេះដោយសារកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ មិនគ្រប់គ្រាន់ ព្រោះការិយាល័យបោះឆ្នោតមានច្រើន។

នាឱកាសអញ្ជើញដឹងនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពី កិច្ចការការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោត ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានសម្រេចអនុញ្ញាត ឲ្យប្រជាការពារភូមិ ការពារថ្ងៃបោះឆ្នោត ព្រោះមានការិយាល័យបោះឆ្នោតច្រើន ហើយប្រើប្រាស់កម្លាំងនគបាលជាតិ និងកងរាជអាវុធហត្ថ មិនគ្រប់គ្រាន់ឡើយ។

សម្ដេចបញ្ជាក់ថា «ខ្ញុំ ក៏គាំទ្ររួចទៅហើយ ដោយសារគោលដៅ នៃការពារវាច្រើន ហើយសមត្ថកិច្ចរបស់យើង សំខាន់នគរបាល និងកងរាជអាវុធហត្ថមិនគ្រប់ទេ ការិយាល័យមានច្រើន ។ ចឹងហើយ ខ្ញុំបានឯកភាពថា ប្រើប្រជាការពារ ប៉ុន្ដែត្រូវអប់រំណែនាំ បណ្ដុះបណ្ដាល ដល់ប្រជាការពាររបស់យើង តាំងពីច្បាប់ទម្លាប់ អក្បកិរិយា សីលធម៌ ក្នុងពេលបំពេញការងារ ធ្វើយ៉ាងណាដើរតួជាកម្លាំងសន្តិសុខ សម្រាប់ការបោះឆ្នោត មិនមែនសម្រាប់ការពារ តែក្រុមបក្សណាមួយទេ»។

សម្ដេច ក៏បានណែនាំដល់កងកម្លាំង អនុវត្តច្បាប់ទាំងអស់ ត្រូវមានភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គម ខិតខំបំពេញមុខងារសាធារណៈរបស់ខ្លួន ឲ្យបានម្មត់ច៉ត់ ច្បាស់លាស់ ក្នុងស្មារតីទទួលខុសត្រូវ ចំពោះមុខច្បាប់ គោរពសិទ្ធិរបស់មនុស្សគ្រប់រូប។ ទន្ទឹមនឹងនោះ ក៏ត្រូវទប់ស្កាត់ឲ្យបានរាល់ អំពើកេងចំណេញនានា ពីការកេងចំណេញផ្នែកនយោបាយ ព្រមទាំងជៀស ឲ្យដាច់ខាតអំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថេរភាពសង្គម នៅក្នុងដំណាក់កាលឆ្ពោះ ទៅកាន់ការបោះឆ្នោតនីមួយៗ។

លើសនេះ សម្ដេច ស ខេង បានលើកឡើងថា ការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ បានបោះឆ្នោតជាច្រើនលើក និងច្រើនសារនាពេលកន្លងទៅ រួមទាំងការបោះឆ្នោតជាបន្ដបន្ទាប់ នាពេលខាងមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ប្រកបដោយមោទកភាពជាតិ ដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឲ្យមានអភិបាលកិច្ចល្អ បន្ដអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងថ្នាក់មូលដ្ឋាន ដែលជាជម្រើនយោបាយ សម្រាប់ការអភិវឌ្ឍដ៏សមស្រប និងល្អប្រសើរបំផុតសម្រាប់កម្ពុជា។

ឆ្លៀតឱកាសនោះដែរ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ ក៏បានស្នើភាគីពាក់ព័ន្ធ រៀបចំកន្លែងដំណើរការបោះឆ្នោត នាពេលខាងមុខឲ្យបានជាក់លាក់ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការ បោះឆ្នោតប្រព្រឹត្តទៅ សេរីភាព ត្រឹមត្រូវនិងយុត្តិធម៌៕

To Top