ព័ត៌មានជាតិ

គម្រោងធ្វើឱ្យប្រសើរឡើង​ កំណាត់ផ្លូវលេខ​ ១៤៦បេ និងផ្លូវលេខ១៤៨ សម្រេចបាន៨៥%

ភ្នំពេញ​ ៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៨៥% ហើយគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។

នាថ្ងៃទី២៨ មីនា នេះ​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងការពង្រឹងគុណភាពលើការងារសាងសង់។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យផ្លូវនេះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនសូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដើម្បីជួយថែរក្សាផ្លូវថ្នល់របស់ជាតិយើងឱ្យបានគង់វង្ស ប្រើប្រាស់ជាប់បានយូរអង្វែង និងកាត់បន្ថយការចំណាយថវិការបស់រដ្ឋាភិបាលដែលរកបានដោយលំបាក។

ផ្ទាំងពាណិជ្ជកម្ម

លោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសជំនាញចុះធ្វើតេស្តគុណភាពស្រទាប់ផ្លូវថាតើវាមានគុណភាពជាប់រឹងមាំកម្រិតណា ដោយប្រើប្រាស់បច្ចេកទេសម៉ាស៊ីនចល័តប្រភេទFWD ដែលជាម៉ាស៊ីនធ្វើតេស្តគុណភាពផ្លូវ គ្រប់គ្រងដោយក្រុមការងារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសពិសេសរបស់ក្រសួង។
ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថាក្រសួងបានបញ្ជាទិញឧបករណ៍ត្រួតពិនិត្យគុណភាពផ្លូវដែលប្រើបច្ចេកវិទ្យាទំនើបពីសហរដ្ឋអាមេរិកចំនួនពីរគ្រឿង ដើម្បីធានាឱ្យការសាងសង់ផ្លូវនៅកម្ពុជាមានគុណភាពរឹងមាំជាប់បានយូរ អង្វែង។

សូមជម្រាបជូនថា កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕

To Top