ព័ត៌មានជាតិ

ក្រសួងសាធារណការ ស្វែងរកប្រភពថវិកា ដើម្បីស្ដារផ្លូវជាតិលេខ៣

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួង កំពុងស្វែង រកប្រភពថវិកា ក្នុងការស្ដារផ្លូវជាតិលេខ៣ ដើម្បីដោះស្រាយបញ្ហាកំណាត់ផ្លូវ ដែលមានប្រវែង ២០គីឡូម៉ែត្រ ធ្វើយ៉ាងណាជួយសម្រួលធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងដឹកជញ្ជូន ឲ្យបានរលូនជាងមុន ជាបណ្ដោះអាសន្ន។

នាឱកាសចុះពិនិត្យ មើលស្ថានភាព នៃការជួសជុលថែទាំបណ្តោះអាសន្ន កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែង សរុប ៥៤គីឡូម៉ែត្រ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ផ្លូវជាតិលេខ៣ មានប្រវែងសរុប ៥៤គីឡូម៉ែត្រ ក្នុងនោះ ធនាគារពិភពលោក បានផ្ដល់ថវិកា ស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤ គីឡូម៉ែត្ររួចហើយ ប៉ុន្តែកំណាត់ផ្លូវ ២០គីឡូម៉ែត្រផ្សេងទៀត មានបញ្ហាច្រើនធ្វើមិនបានជាប់ទេ ធ្វើខូចរហូតតាំងពីយូរណាស់មកហើយ ធ្វើមិនដែលបានជាប់រឹងមាំទេ។

លោកគូសបញ្ជាក់ពីលក្ខណៈបច្ចេកទេស ក្នុងការធ្វើផ្លូវនេះឲ្យបានរឹងមាំនៅតំបន់ដែលមានដីស្អុយពោលគឺ៖ កំណាត់ផ្លូវ ២០គីឡូម៉ែត្រនេះ ត្រូវបែងចែកជា ២កំណាត់ ក្នុងនោះ ៖ កំណាត់ ៥គីឡូម៉ែ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម តម្រូវឲ្យវាយសសរគ្រឹះដល់ជម្រៅ ១៨ម៉ែត្រ ដើម្បីធ្វើឲ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់១៥ គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះ រួចហើយ ចាក់បេតុង ទើបផ្លូវនេះ មានភាពរឹងមាំជាប់បានយូរ។

លោកបន្ថែមទៀតថា ក្រសួង សាធារណការ បានឯកភាព ជាមួយ នឹងក្រុមហ៊ុនCRBC រួចហើយ លើការសាងសង់ កំណាត់ ផ្លូវនេះ ទៅតាមលក្ខណៈ បច្ចេកទេស ហើយបច្ចុប្បន្នក្រសួង កំពុងរង់ចាំថវិកា ដែលបានស្នើសុំទៅមិត្តចិន ដើម្បីយកមកសាងសង់ផ្លូវនេះ តាមលក្ខណៈបច្ចេកទេស ។

លោកទេសរដ្ឋមន្ដ្រីបញ្ជាក់ថា «ដើម្បីដោះស្រាយបញ្ហាកំណាត់ផ្លូវ២០ គីឡូម៉ែត្រនេះ ក្នុងកាលៈទេសៈ ចំពោះមុខនេះ ក្រសួង កំពុងតែខិតខំប្រឹងប្រែង ស្វែងរកប្រភពថវិកា ក្នុងការស្តារកំណាត់ផ្លូវនេះ ដើម្បីជួយ សម្រួលការធ្វើ ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូន ឱ្យបានរលូនជាងមុន ជាបណ្ដោះ អាសន្ន រហូតទាល់តែក្រសួងទទួលបានថវិកា សម្រាប់សាងសង់កំណាត់ផ្លូវនេះ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងអាចប្រើប្រាស់ ជាប់យូរអង្វែង»។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានស្នើសុំការអធ្យាស្រ័យ ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកប្រើប្រាស់កំណាត់ផ្លូវនេះ ចំពោះការបង្កឲ្យមានការលំបាកក្នុងការធ្វើដំណើរ យឺតយ៉ាវពេលវេលា និងបានសំណូមពរ សុំកុំឲ្យមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលនាំឲ្យផ្លូវកាន់តែមានសភាពខូច កាន់តែធ្ងន់ធ្ងរឡើងថែមទៀត ៕

To Top