ព័ត៌មានជាតិ

ចាប់ខ្លួនឈ្មួញ ទិញត្រីឆក់ ២នាក់ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ជនសង្ស័យប្រុស-ស្រី ២នាក់ ដែលជាជនជាតិវៀតណាមម្នាក់ និងខ្មែរម្នាក់ ត្រូវបានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននិងបញ្ជួនទៅឱ្យរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ ពាក់ព័ន្ធករណីទិញត្រីឆក់និងលក់អាំងវ៉ិចទ័រ នៅក្នុងស្រុកកំពង់លែងនិងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

បើតាមលោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពូជា បានឱ្យដឹងថា នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ វេលាម៉ោង០២:៣០នាទីរសៀល នគរបាលក្រុងកំពង់ឆ្នាំង បានប្រគល់ជនសង្ស័យទិញត្រីឆក់និងលក់អាំងវ៉ិចទ័រ ទៅឱ្យរដ្ឌបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នូវឈ្មោះ ចាំង ធីហឿង ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម នៅភូមិចុងកោះ ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងថ្ងៃដដែលនេះ វេលាម៉ោង០៤:៥០នាទីរសៀល នគរបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក៏បានប្រគល់ជនសង្ស័យទិញត្រីឆក់ ទៅឱ្យរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង បឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នូវឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្លត ឃុំផ្លវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការផងដែរ។

ជាមួយគ្នានេះ លោក សុខ ទូច ក៏បានអំពាវនាវ ឱ្យយើងត្រូវធ្វើការបង្ក្រាបបញ្ចប់ដល់ឫសគល់ បើអ្នកនៅតែមិនបញ្ឈប់សកម្មភាពល្មើសច្បាប់ទាំងនេះទេ អាជ្ញាធរមានសមត្ថកិច្ច នឹងនៅតែបន្តចាត់វិធានការ ទៅតាមនីតិវិធីច្បាប់រហូតដល់បញ្ចប់ទាំងស្រុង នូវបទល្មើសនេសាទ និងការបំផ្លាញធនធានធម្មជាតិ ក្នុងតំបន់បឹងទន្លេសាប។

To Top