ព័ត៌មានជាតិ

កម្ពុជា នឹងបកស្រាយពី សកម្មភាពរបស់ខ្លួន ប្រឆាំងលាងលុយកខ្វក់ ក្រោយពី FATF ដាក់កម្ពុជាក្នុងបញ្ជីប្រផេះ (Video)

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ឆាប់ៗនេះ កម្ពុជានឹងចូលរួមកិច្ចប្រជុំរបស់ អង្គការឃ្លាំមើលអំពើ លាងលុយកខ្វក់នៅលើពិភពលោក ឈ្មោះក្រុមការងារហិរញ្ញវត្ថុ (FATF) នៅអូស្ដ្រាលី ដើម្បីធ្វើការបកស្រាយ និងបំភ្លឺពីសកម្មភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងលាងលុយកខ្វក់ នៅកម្ពុជា។

សម្ដេច ស ខេង លើកឡើងបែបនេះក្រោយពីអង្គការ FATF មានមូលដ្ឋាននៅទីក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យ ខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន ។

ក្នុងពិធីបូកសរុបលទ្ធផលអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៦ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា នាពេលកន្លងទៅ FATF ចាត់ទុកកម្ពុជា ជាពណ៌ប្រផេះ ទាក់ទងទៅការលាងសម្អាតលុយកខ្វក់ ហើយកម្ពុជា ក៏បានធ្វើរបាយការណ៍ឆ្លើយតបដែរ ប៉ុន្ដែមិនទាន់ដោះស្រាយនៅឡើយ។

សម្ដេចមានប្រសាសន៍ថា «ឆាប់ៗនេះ នឹងមានការប្រជុំរបស់អង្គការនេះ (អង្គការ FATF) នៅអូស្ដ្រាលី យើងត្រូវចូលរួម ប៉ុន្ដែតាមរបៀប តាមZOOM ឬក៏មួយទៅផ្ទាល់ ដែលចាំបាច់ត្រូវយើងបកស្រាយបំភ្លឺ អំពីសកម្មភាពរបស់យើង ដែលបានធ្វើក្នុងការប្រយុទ្ធប្រឆាំងការលាងលុយ និងសម្អាតប្រាក់នេះ។ ដើម្បីឲ្យកម្ពុជា ទទួលបានឡើងវិញ ប្រទេសដែលគ្មានការសង្ស័យ លាងលុយ»។

សម្ដេច ស ខេង បានបញ្ជាក់ថា ធ្វើយ៉ាងណាឲ្យកម្ពុជាលុបចេញពណ៌ប្រផេះ មកធម្មតាឡើងវិញ ព្រោះថា បើកម្ពុជាចេញពីប្រផេះ ទៅខ្មៅកាន់តែស្មុគស្មានយ៉ាងខ្លាំង ដូច្នេះមិនត្រូវមើលស្រាលឡើយ៕

To Top