ព័ត៌មានជាតិ

ព្រះមហាក្សត្រ កោតសរសើររាជរដ្ឋាភិបាល និងប្រធានរដ្ឋសភា

ភ្នំពេញ ៖ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាបានកោតសរសើរាជរដ្ឋាភិបាល និងប្រធានរដ្ឋសភាចំពោះការអភិវឌ្ឍប្រទេសជាតិ និងរដ្ឋសភា ក្នុងនោះក៏បានដាក់ចេញយុទ្ធសាស្ត្រទប់ស្កាត់បង្ក្រាបការឆ្លងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ ។

យោងតាមព្រះសាររបស់ព្រះមហាក្សត្រ ក្នុងឱកាសបើកបវេសនកាលរដ្ឋសភា សម័យប្រជុំលើកទី៧ នីតិកាលទី៦ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ អានដោយសម្តេច ហេង សំរិន មានអត្ថន័យខ្លឹមសារ កោតសរសើរការដឹកនាំប្រទេសប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើពលិកម្មកម្លាំងកាយកម្លាំងចិត្តឥតឈប់ឈរ មានការសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ ក្នុងភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ ការការពារខឿនសេដ្ឋកិច្ចជាតិបានយ៉ាងរឹងមាំ ទប់ស្កាត់អតិផរណា មានសុខដុមនីយកម្មលើគ្រប់ជាតិ សាសន៍ និងការលើកកំពស់សុខុមាលភាពជូនប្រជាពលរដ្ឋ។

ព្រះរាជសារបន្តថា ព្រះអង្គរីករាយជាខ្លាំង ដោយតាំងពីចុងឆ្នាំ២០២១ ក្រោមការដឹកនាំ និងគ្រប់គ្រងដ៏វៃឆ្លាតនៃសម្តេចតេជោ បានទទួលជ័យជំនះយ៉ាងត្រចះត្រចង់ក្នុងការប្រយុទ្ធ ដើម្បីបង្ក្រាបការរាតត្បាត ជំងឺកូវីដ។ រាល់សកម្មភាព នៃសង្គមជាតិបានងើបឡើងវិញហើយបានចាប់ដំណើរការការងាររបស់ខ្លួន គ្រប់វិស័យ។

ព្រះរាជសារព្រះអង្គលើកឡើងទៀតថា ដោយបានឆ្លងកាត់ដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ រដ្ឋសភាដឹកនាំដោយសម្តេច ហេង សំរិន នៅតែបន្តដំណើរការយ៉ាងស្វាហាប់លើភារកិច្ច ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីកសាងគោលនយោបាយ និងច្បាប់រដ្ឋឲ្យបានត្រឹមត្រូវ ធ្វើឲ្យមានសង្គតិភាព ទៅនឹង ការអភិវឌ្ឍរបស់ប្រទេសជាតិ សមាហរណកម្មតំបន់ និងនៅលើសកលលោក៕

To Top