ព័ត៌មានជាតិ

៣ខែ ដើមឆ្នាំ២០២២ កម្ពុជានាំអង្ករ ចេញជាង១៧ម៉ឺនតោន កើនឡើងជាង១០%

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករ ក្រៅប្រទេស បានចំនួន ១៧០ ៥៣៩តោន កើនឡើងចំនួន ១៦ ៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២១ ដែលមានចំនួន ១៥៣ ៦៨៨តោន។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វេង សាខុនបានឱ្យដឹងបន្ថែមថាការនាំចេញអង្ករក្នុងខែមីនា ឆ្នាំ២០២២ មានចំនួន ៦៧ ៤៨១តោន ថយចុះចំនួន ៩ ៩៨៥តោន  (-១២,៨៩%) បើធៀបនឹងខែមីនា ឆ្នាំ២០២១ ដែលមានចំនួន ៧៧ ៤៦៦តោន

 អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ១២០ ៤២២តោន ស្មើនឹង ៧០,៦១% អង្ករស គ្រប់ប្រភេទមានចំនួន ៤៨ ៨២៧តោន ស្មើនឹង ២៨,៦៣% និងអង្ករចំហុយគ្រប់ប្រភេទ មានចំនួន ១ ២៩០តោន ស្មើនឹង ០,៧៦%

បរិមាណអង្ករបាននាំចេញ ទៅកាន់ទិសដៅសហភាពអឺរ៉ុប ចំនួន ២១ប្រទេស មានបរិមាណសរុប ចំនួន ៤៧ ៦៧៤តោន (កើនឡើងចំនួន ១២ ២៣២តោន ស្មើនឹង ៣៤,៥១%) ទិសដៅប្រទេសចិន មានបរិមាណសរុបចំនួន ៨៨ ៦៤៦តោន (កើនឡើងចំនួន ៣ ២៧៦តោន ស្មើនឹង ៣,៨៤%) ទិសដៅអាស៊ានចំនួន ៤ប្រទេស មានបរិមាណ សរុបចំនួន ១៧ ៣១០តោន (កើនឡើងចំនួន ៥ ៦៥២តោន ស្មើនឹង ៤៨,៤៨%) និងទិសដៅដទៃទៀត ចំនួន២១ប្រទេស មានបរិមាណសរុប ១៦ ៩០៩តោន (ថយចុះចំនួន ៤ ៣០៩តោន ស្មើនឹង -២០,៣១%។

ក្រុមហ៊ុនដែលបាននាំចេញអង្ករ មានចំនួន ៤៦ក្រុមហ៊ុន ហើយបរិមាណអង្ករ ដែលបាននាំចេញ ដោយក្រុមហ៊ុនធំៗ ចំនួន១០ មានរហូតដល់ ១២៣ ៣៦៤តោន (៧២,៣៤%) និងក្រុមហ៊ុន៣៦ដទៃទៀត បាននាំចេញត្រឹមតែ ៤៧ ១៧៥តោន (២៧,៦៦%)។ 

ជាមួយគ្នានេះលោក វេង សាខុន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើ ប្រព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៣ ៤៣៤ ០៧០,៦៣តោន ទៅកាន់ទិសដៅ ៥៧ប្រទេស គឺមានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១តោន ស្មើនឹង ១១,១៦% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ៣ ០៨៩ ២០៩,៩២តោន៕

To Top