ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម ប្រាប់ឱ្យយក ឧបករណ៍ និងសម្ភារៈ ដែលរឹបអូស បានពីបទល្មើសនេសាទ ទៅប្រើប្រាស់ជាប្រយោជន៍

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានណែនាំឲ្យខណ្ឌរដ្ឋបាលជលផល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យកឧបករណ៍ និងសម្ភារមួយចំនួនដែលរឹបអូស បានពីបទល្មើសនេសាទ ទៅប្រើប្រាស់ជាប្រយោជន៍ក្រោយពីតុលាការ បានជម្រះក្តីរួចរាល់។ដូចជាស្បៃមុង យកទៅធ្វើទ្រុងចិញ្ចឹមមាន់ និងជារនាំងបាំងសួនបន្លែ ដោយឡែក ទូកម៉ាស៊ីនឬកាណូត គួរទុកប្រើប្រាស់បម្រើឲ្យការងារជលផល។

ការណែនាំនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញចូលពិនិត្យឧបករណ៍ ដែលរឹបអូសបានពីបទល្មើស នៅសង្កាត់រដ្ឋបាលជលផលភ្នំក្រោម នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ។ 

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វេង សាខុន បានឱ្យដឹងថា យោងតាមរបាយការណ៍ របស់ខណ្ឌរដ្ឋបាលជលផលសៀមរាប និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ៖

– សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ចេញអន្តរាគមន៍ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិទី៧ សង្កាត់ចុងឃ្នៀសបានដកហូតឃាត់ទុក វត្ថុតាងបទល្មើស (ជនសង្ស័យបានរត់គេចខ្លួនបាត់) មានឧបករណ៍អួនអូសទឹកសាបចំនួន០២ វង់។ 

– គិតចាប់ពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានបង្ក្រាបបទល្មើសឧបករណ៍អួន អូសទឹកសាប ១៧វង់ ម៉ាញ់៣វង់ អួនហ៊ុម ៤វង់ កាណូត ៤៦គ្រឿង ម៉ាស៊ីន ១៤ គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ ១១ករណី និងចេញដីកាកោះ១១នាក់។ 

ជាមួយគ្នានេះលោក រដ្ឋមន្ត្រីបានណែនាំឲ្យ ខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសាងសំណុំរឿងទាំងជនល្មើស និងវត្ថុតាងដែលរឹបអូសបាន៕

To Top