ព័ត៌មានជាតិ

អ្នកប្រព្រឹត្តអនាចារ និងចោរកម្មត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះកាំមេរ៉ាសុវត្ថិភាព ក្នុងក្រុងសៀមរាប បំពាក់គ្រប់ទីកន្លែង តាមទីសាធារណៈ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា អ្នកប្រព្រឹត្តអនាចារ និងចោរកម្មគ្រប់ប្រភេទត្រូវបញ្ឈប់ សកម្មភាពជាបន្ទាន់ ព្រោះកាំមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់គ្រប់ទីកន្លែង នៅតាមទីសាធារណៈ ហើយនគរបាលគ្រប់គ្រង សភាពការណ៍បានគ្រប់ពេលវេលា។

នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នៅទីរួមខេត្តសៀមរាប អ្នកដែលប្រព្រឹត្តអនាចារ ឬក៏ចោរលួច ចោរប្លន់ ត្រូវឈប់ទៅ ព្រោះកាំមេរ៉ាសុវត្ថិភាពពេញហ្នឹង ។ កុំគិតថា ខ្លួនទៅបំផ្លាញកាំមេរ៉ាសុវត្ថិមួយ ដើម្បីធ្វើសកម្មភាព កុំស្មានតែគេរកមិនឃើញ»។

សម្ដេចតេជោ ក៏បានសង្ឃឹមថា សុវត្ថិភាពប្រជាជន នៅក្នុងខេត្តសៀមរាប ត្រូវបានធានា តាមរយៈឧបករណ៍ និងបច្ចេកទេសកាន់តែទំនើប ដែលធ្វើឱ្យកម្លាំងមានសមត្ថកិច្ច ជាពិសេស នគរបាលជាតិ អាចគ្រប់គ្រងសភាពការណ៍គ្រប់ពេលវេលា។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា មូលហេតុក្រុមការងារសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប មិនចាក់បេតុង នៅស្ទឹងសៀមរាប ដោយសារតំបន់អភិរក្ស ត្រូវរក្សាទុក ដូច្នេះ ត្រូវបន្ដថែទាំស្ទឹងសៀមរាប ដោយធម្មជាតិ។

សូមរំលឹកថា គម្រោងផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ត្រូវរៀបចំបន្ថែមនូវប្រព័ន្ធការពារទឹកជំនន់ បញ្ចៀសការជន់លិចទីក្រុង រៀបចំខឿនចិញ្ចើមផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងសញ្ញាចរាចរណ៍ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ និងការដាំដើមឈើលម្អតាមដងផ្លូវ ៕

To Top