ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី គ្រោងបញ្ឈប់ការពាក់ម៉ាស ក្នុងខេត្តណាមួយ ដើម្បីសាកល្បង ការឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា នាពេលខាងមុខ នឹងប្រើវិធីសាស្ដ្របញ្ឈប់ការពាក់ម៉ាស ក្នុងខេត្តណាមួយ ដើម្បីសាកល្បង នៃការឆ្លងជំងឺកូវីដ-១៩ ព្រោះថា ការប្រើម៉ាសត្រូវចំណាយថវិកា។

ក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២នេះ ប្រព្រឹត្តទៅតាមធម្មតា ហើយក៏មិនយកប្រជាជនធ្វើតេស្ដឡើយ ចំពោះការអនុញ្ញាឲ្យរៀបចំ ពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ផងដែរ។

សម្ដេចតេជោ បន្ដថា អ្នកចូល KTV នៅភ្នំពេញនាពេលបច្ចុប្បន្នអត់ពាក់ម៉ាស ហើយក៏មិនឃើញឆ្លងជំងឺកូវីដ-១៩ ផងដែរ។ សម្ដេចថា នឹងជ្រើសរើសយកខេត្តណាមួយ របស់កម្ពុជាដោយអនុញ្ញាតឱ្យពលរដ្ឋ ធ្វើដំណើរក្នុងខេត្តដោយ មិនពាក់ម៉ាសឡើយ ប៉ុន្តែឆ្លងទៅខេត្តផ្សេងៗទៀត គឺតម្រូវឲ្យពាក់ម៉ាស ព្រោះខេត្តនោះ មិនទាន់បញ្ឈប់ការពាក់ម៉ាស់។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំ កំពុងគិតថា នៅពេលណាមួយ នឹងអាចប្រើប្រាស់វិធីសាស្ដ្របញ្ឈប់ការប្រើម៉ាស នៅក្នុងខេត្តណាមួយ ឬខេត្តពីរ ដើម្បីសាកល្បង ព្រោះអាម៉ាសហ្នឹងវាចំណាយដែរ។ អីចឹងពេលខ្លះយើងគួរតែសាកល្បង»។

សម្ដេចតេជោ គ្រោងយកខេត្តព្រះវិហារ ជាខេត្តសាកល្បងមិនឱ្យពលរដ្ឋ ពាក់ម៉ាស់ប៉ុន្ដែអ្នកខេត្តព្រះវិហារ ចូលមកលេងខេត្តសៀមរាប ត្រូវពាក់ម៉ាសវិញ។ ដោយឡែក ខេត្តសៀមរាប ចូលខេត្តព្រះវិហារ មិនពាក់ម៉ាសឡើយ។ សម្ដេចថា នាពេលបច្ចុប្បន្ន ត្រូវពាក់ម៉ាស ឲ្យបានគ្រប់ៗគ្នា ព្រោះមិនទាន់អនុញ្ញាឲ្យ ដោះម៉ាសចេញឡើយ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿលើការឃោសនា ផ្សព្វផ្សាយអកុសល របស់ជនមួយក្តាប់តូចថា «ចាក់វ៉ាក់សាំង នាំឲ្យមានជំងឺមហារីកនៅពេលក្រោយ»។ សម្ដេច ក៏បានលើកឡើងថា វ៉ាក់សាំងគឺជាឧបករណ៍មួយ ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជួយដល់ប្រជាពលរដ្ឋ ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ យ៉ាងពិតប្រាកដ។

ជាងនេះទៅទៀត សម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំភ្លេចខ្លួន នៅក្នុងការការពារពីការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈវិធានការ ៣កុំ និង៣ការពារ ព្រមទាំងជំរុញការចាក់វ៉ាក់សាំងដូចជំរុញ(ដូសទី៣) ឲ្យគ្រប់គ្រាន់ ដើម្បីធានាភាពសាំសហគមន៍កាន់តែខ្ពស់ ៕

To Top