ព័ត៌មានជាតិ

លោក ឡី សុភាព៖ ការធ្វើអាជីវកម្ម ដោយរបៀបរបប ត្រឹមត្រូវតាមច្បាប់ ជួយពង្រឹងមុខរបររឹងមាំ​ និងការប្រមូលពន្ធជូនរដ្ឋ

ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធ​ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានលើកឡើងថា ការធ្វើអាជីវកម្មប្រកបដោយ​ របៀបរបបត្រឹមត្រូវតាមច្បាប់ នឹងជួយពង្រឹងមុខរបរកាន់តែរឹងមាំ និងពង្រឹងការប្រមូលពន្ធជូនរដ្ឋ។

ក្នុងពិធីប្រគល់សេចក្តីសម្រេច ស្តីពីការតែងតាំង សមាសភាពគណៈកម្មការប្រតិបត្តិ ចាត់តាំងក្រុមការងារ សមាគមមូលដ្ឋានខេត្តកំពត និងបញ្ចូលសមាជិកសកម្ម នៃសមាគមសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ​ លោក ឡី សុភាព បានឱ្យដឹងថា ការបញ្ចូលសមាជិកនេះ គឺធ្វើឡើងទៅតាមធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំពីរាជរដ្ឋាភិបាល មិនមែនធ្វើតាមនឹកឃើញនោះទេ ដោយសមាគមសហព័ន្ធ​ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា នឹងជួយឱ្យសមាជិក មានប្រភពហិរញ្ញវត្ថុនឹងនរ ក្លាយទៅជាអាជីវករ។

ជាមួយគ្នានោះ លោកក៏បានស្នើឱ្យ ​សមាជិក-សមាជិក បើកគណនីធនាគារមួយ ដើម្បីទុកដាក់ហិរញ្ញវត្ថុ ឱ្យបានត្រឹមត្រូវគ្រប់គ្នា ។

លោក ឡី សុភាព បានបន្តថា សមាគមសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា កំពុងពង្រឹងរបៀបរបប ការងារសមាជិក-សមាជិកា ឱ្យបានរឹងមាំឡើងវិញ ព្រោះការធ្វើអាជីវកម្ម មានរៀបរបបនឹងជំរុញឱ្យមាន ជីវភាពសមរម្យ កាត់បន្ថយការងារ ចំណាកស្រុក។

លោកប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញថា “ការធ្វើអាជីវកម្មមានរៀបរបប​ ក៏នឹងជួយពង្រឹងការប្រមូលពន្ធជូនរដ្ឋ និងមុខរបរស្របច្បាប់ផងដែរ”។

នាឱកាសនោះ លោក ឡី សុភាព បានណែនាំឱ្យសមាជិក-សមាជិកាទាំងអស់​​ ត្រូវដើរនៅលើបន្ទាត់មួយ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ពោលគឺអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាន និងឯកសារ គតិយុត្តនានាជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបទបញ្ជាផ្ទៃក្នុង របស់សមាគមនីមួយៗផងដែរ។

លោកបានដាស់តឿនថា ប្រសិនបើយើងស្រលាញ់ជាតិ ត្រូវតែអនុវត្តតាមច្បាប់ ពោលគឺត្រូវអនុវត្តពីឥលូវនេះទៅ និងបានលើកទឹកចិត្តឱ្យសមាជិកទាំងអស់ត្រូ វចេះក្ដាប់ឱកាសនៃការអភិវឌ្ឍ និងកំណែទម្រង់ ក្នុងវិស័យនានា ដើម្បីដើរឱ្យទាន់សភាពការណ៍ សេដ្ឋកិច្ច-សង្គម ពោលគឺដើរឱ្យទាន់ការអភិវឌ្ឍ ពីមួយថ្ងៃទៅមួយថ្ងៃ។

មិនតែប៉ុណ្ណោះ លោកបណ្ឌិត ឡី សុភាព ក៏បានណែនាំដល់សមាជិកសមាគម ត្រូវមានការសាមគ្គីគ្នា តាំងចិត្តបម្រើប្រជាជន គោរពច្បាប់ និងដើរតាមគោលនយោបាយ រាជរដ្ឋាភិបាល ក្រោមដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

To Top