ព័ត៌មានជាតិ

ឃុំជនជាតិចិន២នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ តាមរូបភាពលក់ក្រវិលកំប៉ុង ស្រាបៀរកម្ពុជា ក្លែងក្លាយ

ភ្នំពេញ ៖ បុរសជនជាតិចិន២នាក់ កាលពីថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០២២នេះ ត្រូវបាន ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ដើម្បីរងចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការឆបោក តាមរយៈការលក់ក្រវិលកំប៉ុង ស្រាបៀរកម្ពុជា ក្លែងក្លាយ ចំនួនមួយកេស អោយទៅថៅកែដេប៉ូ ភេសជ្ជៈម្នាក់ ដោយលក់ ក្នុង១ក្រវិលមាន តម្លៃ១៥០០រៀល តែសុទ្ធតែរបស់ក្លែងក្លាយ ប្រព្រឹត្ត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាតិចិន ត្រូវចោទទាំង២នាក់នេះ មានឈ្មោះ លី ជៀនសិន ហៅ ឡុង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ មេការសំណង់ មានទីលំនៅ នៅបន្ទប់ជួល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ និង ម្នាក់ទៀត មានឈ្មោះ LIAO BAO YOU ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ រកស៊ី រស់នៅផ្ទះលេខ A០៥ ផ្លូវលេខ១២ បុរីពិភពថ្មីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពួកគេ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ឆបោក តាមបញ្ញាតិ មាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២ នៅចំណុចស្ថានីយប្រេងឥន្ទនៈ សាវីម៉ិច តាមផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការឃាត់ខ្លួនពួកគេនេះ ត្រូវបានធ្វើឡើងតាមពាក្យបណ្តឹង របស់តំណាង ក្រុមហ៊ុនស្រាបៀរកម្ពុជា៕

ដោយ: លីហ្សា

To Top