ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង ព្រមានចុះឆែកឆេរ រុករកឧបករណ៍នេសាទខុសច្បាប់ ដល់លំនៅឋាន

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដកហូតឧបករណ៍ នេសាទល្មើសច្បាប់ ក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង ដោយព្រមានចុះឆែកឆេរ រុករកឧបករណ៍នេសាទខុសច្បាប់ ដល់លំនៅឋានរបស់ពលរដ្ឋតែម្តង ។

យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃ៧ មេសា បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់បទល្មើសនេសាទ ក្នុងតំបន់ទន្លេសាប សំដៅគ្រប់គ្រងមច្ឆាជាតិ និងធនធានជលផល ប្រជានេសាទមានឧបករណ៍នេសាទល្មើសច្បាប់ដូចជា៖ អួនអូសទឹកសាប ម៉ាញ់ ឧបករណ៍ឆក់ និងឈឹបយន្ត ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់ដទៃទៀត ត្រូវប្រគល់ឲ្យអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ជាកំហិត ។

ទន្ទឹមនេះ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ថ្នាំពុលគីមី សារធាតុពុល និងឧបករណ៍ឆក់គ្រប់ប្រភេទ ក្នុងដែននេសាទ ។

រដ្ឋបាលខេត្តបញ្ជាក់ថា «ករណីមិនអនុវត្តតាមការជូនដំណឹង និងការណែនាំខាងលើនេះ នឹងចាត់វិធានការចុះឆែកឆេររុករកដល់លំនៅឋាន ដើម្បីធ្វើការរឹបអូស យកនូវឧបករណ៍នេសាទល្មើសច្បាប់ និងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២កន្លងមកថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចុះបង្ក្រាបរាល់បទល្មើសនេសាទ នៅតាមបណ្តាខេត្តនានា ក្នុងតំបន់ទន្លេសាប ៕

To Top