ព័ត៌មានជាតិ

ក្រសួងដែនដី ហាមឃាត់វិស្វករ មិនឲ្យទទួលការងារសាងសង់ ឬរុះរើ ដែលមិនទាន់មាន លិខិតអនុញ្ញាត (Video)

ភ្នំពេញ ៖ ក្រសួងដែនដី នគរូបណីយកម្ម និងសំណង់ បានហាមឃាត់វិស្វករមិនឲ្យទទួលអនុវត្តការងារសាងសង់ ឬរុះរើដែលមិនទាន់មានលិខិតអនុញ្ញាត។ នេះបើតាមលិខិតមួយច្បាប់ របស់ក្រសួងដាក់ ទៅអគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជា នៅថ្ងៃ៨ មេសា ។

លិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានបញ្ជាក់ថា “ខ្ញុំសូមជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ ជ្រាបថា ការអនុវត្តការងារសាងសង់ ដែលមិនទាន់ទទួលបានលិខិត អនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាត បើកការដ្ឋានសំណង់ ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច ជាអំពើខុសច្បាប់ ព្រោះថា ការសាងសង់ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច អាចល្មើសនឹងបទប្បញ្ញត្តិស្តីពីគម្លាតនគរូបនីយកម្ម និងអាចប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភ័ណ្ឌភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន” ។

លិខិតបន្តថា ក្រសួងរៀបចំដែនដី ណែនាំវិស្វករដែលចុះបញ្ជីនៅគណៈវិស្វករកម្ពុជាទាំងអស់ មិនឲ្យទទួលអនុវត្តការងារសាងសង់ដែលមិនទាន់ទទួល បានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់។

ជាមួយគ្នានោះដែរ ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ច សំណង់ ចុះត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការ ចំពោះជនល្មើសតាមផ្លូវច្បាប់ ជាធរមាន ៕

To Top