ព័ត៌មានជាតិ

ម្ចាស់រថយន្ដ មិនផ្ទុកអ្នកដំណើរ ឬទំនិញលើសកំណត់ និងមិនដំឡើងថ្លៃឈ្នួល ក្នុងថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន បានណែនាំដល់ម្ចាស់រថយន្ដ មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសកំណត់ដោយច្បាប់ ហើយមិនត្រូវដំឡើងថ្លៃឈ្នួល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ នាពេលខាងមុខនោះឡើយ។

ក្នុងកម្មវិធីវឌ្ឍនភាព ការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ « យល់ដឹងអំពីការ ប្រើប្រាស់ទ្រូងផ្លូវ ចន្លោះសុវត្ថិភាព និងគំនូសសញ្ញាចរាចរណ៍» ថ្មីៗនេះ លោកស្រី មឹន មាណវី បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ពាក់មួកសុវត្ថិភាព បានត្រឹមត្រូវគ្រប់ ពេលវេលាក្នុងពេលធ្វើដំណើរ តាមដងផ្លូវ ទោះបី ធ្វើដំណើរជិត ឬឆ្ងាយក្តី។

លោកស្រីថ្លែងបញ្ជាក់ថា «មិនត្រូវបើកបរលើសល្បឿនកំណត់ដោយច្បាប់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវគោរពសិទ្ធិអាទិភាព គោរពស្លាកសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត កុំបត់ ឬវ៉ាជែងដោយប្រថុយប្រថាន ត្រូវពិនិត្យស្ថាន ភាពបច្ចេកទេសយានយន្ត ឲ្យបានទៀងទាត់ ហាមផ្ទុកអ្នកដំណើរ ឬទំនិញលើសកំណត់សម្រាប់រថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុក អ្នកដំណើរ ឬកម្មករនៅលើដំបូល ហើយសូមកុំដំឡើងថ្លៃឈ្នួល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ»។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់យោគ យល់ចំពោះការប្រកាន់ យកវិធានការច្បាប់ ដ៏តឹងរ៉ឹង ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងការ ប្រឈមចំពោះផ្លូវច្បាប់ គោរពអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិត ខ្លួនឯងផ្ទាល់ ដើម្បីភាព សុខដុមរមនាក្នុងក្រុមគ្រួសារ ការពារទ្រព្យសម្បត្តិរបស់ខ្លួន និងរួមគ្នាលើក កម្ពស់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ប្រទេសជាតិផងដែរ ។

លើសពីនេះ លោកស្រី រដ្ឋលេខាធិការ បានសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ចូលរួមគោរពអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជា អនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។ លោកស្រី បានគូសបញ្ជាក់ពីការព្រួយបារម្ភ របស់រាជរដ្ឋាភិបាល ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ដោយហេតុថា គ្រាន់តែក្នុងរយៈពេល ៧ថ្ងៃដើម ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៤៧នាក់ ៕

To Top