ព័ត៌មានជាតិ

ពលរដ្ឋចេញពីរាជធានី-ខេត្តដទៃ ធ្វើដំណើរទៅរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ពុំតម្រូវឲ្យពាក់ម៉ាស់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសថា ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរចេញពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត ដែលត្រូវធ្វើដំណើរ មកកាន់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ពុំតម្រូវការពាក់ម៉ាស់ទៀតឡើយ។

ការប្រកាសរបស់ក្រសួងនេះ ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ផ្ញើទៅប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត ពីការលើកលែង កាតព្វកិច្ចពាក់ម៉ាស់ នៅក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ។

យោងតាមលិខិតរបស់ក្រសួងបានបញ្ជាក់ថា “ប្រជាជនទាំងអស់ ដែលររស់នៅខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ និងប្រជាជន ដែលធ្វើដំណើរពីរាជធានី-ខេត្តដទៃទៀត ទៅកាន់ខេត្តទាំង៤ ពុំតម្រូវឲ្យពាក់ម៉ាស់ទៀតឡើយ ដោយប្រជាជនទាំងអស់ អាចជ្រើសរើសដោយខ្លួនឯង ពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។ ប៉ុន្តែកាតព្វកិច្ចពាក់ម៉ាស់នេះ ត្រូវបន្តអនុវត្តសម្រាប់អ្នកជំងឺកូវីដ និងអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ” ។

ក្នុងនោះ ប្រជាជនដែលចេញ ពីភូមិសាស្រ្តខេត្តទាំង៤ ដែលត្រូវបានលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ក៏ដូចជាប្រជាជន រស់នៅបណ្តារាជធានី-ខេត្តដទៃទៀត ត្រូវបន្តអនុវត្តកាតព្វកិច្ច ពាក់ម៉ាស់ដដែល ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១០ មេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារពិសេសជាសំឡេងមួយ ស្តីពី ការសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ៕

To Top