ព័ត៌មានជាតិ

ធនាគារ វីង ចុះអនុស្សរណៈនៃការយោគយល់ជាមួយ TYDAដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុសង្គម

ភ្នំពេញ ៖ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២ ធនាគារវីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈ នៃការយោគយល់ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងផ្តល់ការគាំទ្រ បន្ថែម ដល់បុព្វហេតុដ៏ថ្លៃថ្លា របស់សមាគម ក្នុងការផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនៅទូទាំង ប្រទេសកម្ពុជា ។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជន សម្តេចតេជោ(TYDA) និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និង មានការចូលរួមពីសំណាក់ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធាន ក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជន សម្តេចតេជោ និង ថ្នាក់ដឹកនាំ នៃស្ថាប័នទាំង២ជាច្រើនរូបទៀត ។

តាមរយៈអនុស្សរណៈនេះ អ្នកឧកញ៉ា គិត ម៉េង លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ នឹងបរិច្ចាគថវិកា ចំនួន១០០.០០០ ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ តាមរយៈធនាគារ វីង ដើម្បីគាំទ្រ ដល់ការងារមនុស្សធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រ យុវជនសម្តេចតេជោ ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង (ខេមបូឌា)ម. ក បានមានប្រសាសន៍ថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក៏ដូចជាធនាគារវីង បានជួយលើការងារ មនុស្សធម៌ ជាច្រើនជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្ដេចតេ ជោ ហ៊ុន សែន នៅក្នុងវិស័យ សុខាភិបាល និង វិស័យផ្សេងៗ ជាច្រើនទៀត ។ សម្រាប់ទិសដៅ ទៅមុខទៀត ក្រុមហ៊ុន នឹងជំរុញការងារមនុស្សធម៌ ជាមួយនឹងសមាគមគ្រូ ពេទ្យស្ម័គ្រចិត្ត យុវជន សម្ដេចតេជោ (TYDA) ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការភ្នាក់ងារ wing ទូទាំងប្រទេស ដែលមានសាខា ចំនួនជាង១ម៉ឺនសាខា បានចូលរួមចំណែកនៅក្នុង សកម្មភាពមនុស្សធម៌នេះផងដែរ។

អ្នកឧកញ៉ា បានមានប្រសាសន៍ បន្ដថា យើងពិតជាមានសំណាងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញ នូវយុទ្ធសាស្ត្រ ជាច្រើន ដើម្បីអភិវឌ្ឍន៍ គ្រប់វិស័យ រួមទាំងវិស័យទាំង វិស័យសុខាភិបាល ពាណិជ្ជកម្មជាដើម ។ អ្នកឧកញ៉ា បានបង្ហាញ មោទនភាព និងកោត សរសើរ ចំពោះសកម្មភាព របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ដែលក្នុងរយៈពេលកន្លងមកនេះ ជាពិសេស រយ:ពេល២ឆ្នាំ ចុងក្រោយនេះ ថ្នាក់ដឹកនាំ ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ នៃ សមាគមTYDA បានលះបង់គ្រប់បែបយ៉ាង ខិតខំបម្រើប្រជាពលរដ្ឋ ដោយមិនគិត ពីការនឿយហត់ នៅក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ តាមរយៈការរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ការយកសំណាក ការព្យាបាល អ្នកជំងឺ-១៩ ការចាក់វ៉ាក់សាំង និងការងារជាច្រើនទៀតផងដែរ ។

លោកបណ្ឌិតហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) បានមានប្រសាសន៍ថា នេះគឺ ជាលើកទីមួយ នៃការចុះអនុស្សរណៈអនុស្សរណ:យោគយល់ (MOU) គឺជាពេលវេលា ដែលល្អដែលយើងបាន ធូរស្រាល ពីជំងឺកូវីដ-១៩ អាចធ្វើឲ្យយើងមាន ឱកាសពេលវេលារីករាយ ដើម្បីធ្វើការងារមនុស្សធម៌ និងការជួបជុំគ្នាដោយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកបណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាល សមាគម បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចជោគ (TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការ មនុស្សធម៌ ដើម្បីបុព្វហេតុ ជួយដល់ប្រជាពលរដ្ឋ
ទី១- គឺការផ្ដល់ផលប្រយោជន៍ ជូនប្រជាពលរដ្ឋ តាមរយៈការព្យាបាល ឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្ត នៅរាជធានីភ្នំពេញ ក្រោមការ ឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខ របស់ប្រជាពលរដ្ឋ ។ ទី២-ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំង ស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាព មនុស្សធម៌ ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាល ជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស ។ ៣-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាល សមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើន ក្នុងការយកជំនាញ បច្ចេកទេសព្យាបាល ជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យ សុខាភិបាលនៅកម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា អ្វីៗដែលយើងមាន បានមកដល់ពេលបច្ចុប្បន្ននេះគឺ ដោយសារសុខសន្តិភាព ដែលធ្វើឱ្យយើងមានឱកាស បម្រើប្រជាពលរដ្ឋ ។ ជាលទ្ធផល គិតដល់ថ្ងៃនេះ សមាគមបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ទូទាំងប្រទេសបានចំនួន៣៣៦,៣៥៣ នាក់ អ្នកជំងឺធ្ងន់ ចំនួន ៦,១៥៣ នាក់ ត្រូវបញ្ជួនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និង ជាមួយដៃគូរសហការនានា នៅក្នុងនោះផងដែរ និងមានអ្នក ជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៦នាក់ ត្រូវបានព្យាបាលដោយឥតគិតថ្លៃ ។ សូមថ្លែងអរគុណចំពោះក្រុមហ៊ុន Royal Group និងធនាគារវីង(ខេមបូឌា)ម.ក ដែលបាន ផ្ដល់ថវិកា ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមចំណែក យ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ ដើម្បីបុព្វហេតុប្រជាពលរដ្ឋ តាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅទូទាំងប្រទេស ៕

To Top