ព័ត៌មានជាតិ

បុណ្យចូលឆ្នាំថ្មី៣ថ្ងៃ មានភ្ញៀវជិត ៤លាន៦សែននាក់ ចេញដើរកម្សាន្តទូទាំងប្រទេស

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបាន ភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់។នេះបើយោងតាមក្រសួងទេសចរណ៍។

ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖

* ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់

* ថ្ងៃទី២៖ ភ្ញៀវមានចំនួន១,៥៧៩,២៥១នាក់

* ថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រយៈពេល៣ថ្ងៃនេះ រួមមាន៖

* ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់

* ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់

* ខេត្តសៀមរាប ៤០០,៥៩១នាក់

* ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់

* ខេត្តព្រៃវែង ៣៨២,៨៦៧នាក់

* ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់

ផ្ទាំងពាណិជ្ជកម្ម

* ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់

* ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់

* ខេត្តកំពត ២៥៤,២៧០នាក់

* ខេត្តព្រះសីហនុ ២៣២,២៦៤នាក់

* រាជធានីភ្នំពេញ ២២២,២២០នាក់។

លោក ថោង ខុន បានបន្តថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣នេះនៅបន្តមានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី២ម្សិលម៉ិញ។ ជាក់ស្តែង តួលេខថ្ងៃទី៣នេះបន្តកើនឡើង រហូតដល់ប្រមាណ ៣៦.០២% ធៀបនឹងថ្ងៃទី២។ សរុបថ្ងៃទី១ និងទី២ ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំ២០១៩ដែលមិនទាន់មានជំងឺកូវីដ ប៉ុន្តែសម្រាប់ថ្ងៃទី៣នេះ ដោយសារមានភ្លៀងធ្លាក់ ពីតិចទៅច្រើននៅគ្រប់ខេត្តធ្វើឲ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ២០១៩។ ដូច្នេះសរុបរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ពុទ្ធសករាជ២៥៦៥ ( ជិតឈានចូល២៥៦៦) មហាសករាជ១៩៤៤ ចុល្លសករាជ១៣៨៤នេះ មានភ្ញៀវប្រហាក់ប្រហែលនឹង៣ថ្ងៃ នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ៤,៧២៦,៦០២នាក់)។

លោកបានបន្តទៀតថា បណ្តាខេត្តដែលមានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត កម្មវិធីកម្សាន្តសប្បាយទាំងពេលថ្ងៃ និងពេលយប់ និងគោលដៅទេសចរណ៍ទាំងអស់បានបើកដំណើរការច្រើន ទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដូចបានរៀបរាប់ខាងលើ។

បើតាមលោករដ្ឋមន្រ្តី ក៏បានឱ្យដឹងផងដែរថា តួលេខខាងលើមិនបានរាប់បញ្ចូលប្រជាពលរដ្ឋដែលទៅជួបជុំទទួលអាហារជាលក្ខណៈក្រុមគ្រួសារនៅតាមអាហារដ្ឋាន និងកន្លែងដែលមានរៀបចំជាខ្យុស (Kiosque) អង្គុយលេងញ៉ាំអាហារ និងចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលបានរៀបចំជាកម្មវិធីជួបជុំនៅរាំលេងកម្សាន្ត ជះទឹក លាបម្សៅតាមគេហដ្ឋាន និងតាមភូមិស្រុកផងដែរ។

ទោះបីចរន្តភ្ញៀវមានភាពកកកុញ យ៉ាងណាក៏ដោយ ប៉ុន្តែកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត រួមជាមួយកម្លាំងប្រជាការពារ នៅតាមភូមិឃុំ បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធា្នប់ និងចរាចរណ៍ទាំងនៅតាមផ្លូវជាតិ ទីប្រជុំជនក្នុងទីរួមខេត្ត កន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត រួមទាំងគោលដៅទេសចរណ៍នានា ទោះបីប្រឈមនឹងអាកាសធាតុក្តៅ និងហាលភ្លៀងពេលខ្លះក៏ដោយ។

មន្ទីរទេសចរណ៍ សហការជាមួយមន្ទីរជំនាញ នៃរដ្ឋបាលរាជធានីខេត្ត បានចាត់តាំងក្រុមការងារចុះប្រចាំការ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវ ការពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងបញ្ចៀសការលក់ឡើងថ្លៃហួសហេតុ និងបញ្ហាបរិស្ថានអនាម័យជាដើម ដែលក្នុងរយៈពេល៣ថ្ងៃនេះហាក់មិនមានបាតុភាពធំដុំណាមួយកើតឡើងទេ។

ជារួម ក្រោមម្លប់នៃសន្តិភាព និងសន្តិសុខពេញលេញលើផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរផ្នែកហេដ្ឋារចនាសម្ពន និងភាពជឿជាក់លើប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងបានធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសដើរកម្សាន្តនៅគ្រប់គោលដៅទេសចរណ៍ ទូទាំងប្រទេសនាឱកាស ពិធីបុណ្យចូលឆ្នាំថ្មីនេះ បើទោះបីតំបន់ខ្លះស្ថិតនៅដាច់ស្រយាល ឬនៅឆ្ងាយពីទីប្រជុំជន ក្នុងបរិបទដែលពិភពលោក នៅបន្តប្រឈមនឹងជំងឺកូវីដ-១៩នៅឡើយ៕

To Top