ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ចូលបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ: លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានទទួលព្រះរាជានុញ្ញាតិដឹកនាំគណៈកម្មាធិការ ប្រតិបត្តិចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា នរោត្តម មុនិនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលព្រះរាជានុញ្ញាតិ ដឹកនាំគណៈប្រតិភូ ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា នរោត្តម មុនិនាថ សីហនុក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីបង្ហាញ សមាសភាពគណ:កម្មាធិការ ប្រតិបត្តិថ្មីចំនួន១៦រូប ដែលបានជាប់ឆ្នោត តាមរយៈអង្គសន្និបាត កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១ សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៤ អមដំណើរដោយទីប្រឹក្សាជាន់ខ្ពស់ របស់សមាគមចំនួន៣រូប (លោកស្រី ឧកញ៉ាបណ្ឌិត តាន់ ផល្លី លោកស្រី ស៊ិន សិរី លោកស្រី ជា វណ្ណាត) និងលោកស្រីបណ្ឌិត ម៉ែន នារីវុឌ្ឍី ដើម្បីថ្វាយព្រះពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា បានធ្វើរបាយការណ៍ សង្ខេប ស្តីពីសកម្មភាពរបស់សមាគម កាយឫទ្ធិនារីកម្ពុជា ពីថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស ដូចតទៅ ៖

ក. លទ្ធផលការងារ ចាប់ពីដើមអណត្តិ ដល់បច្ចុប្បន្ន
ទោះបីជួបប្រឈមនូវវិបត្តិកូវីដ-១៩ ក៏សមាគមនៅតែខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដោយសម្រេចបានលទ្ធផល ទៅតាមផែនការ ដូចខាងក្រោម៖
-បានចុះសួរសុខទុក្ខ និងមើលការហាត់សម្តែង របាំរបស់កុមារី និងយុវតី
-បានចុះជួបសំណេះសំណាល ជាមួយមេក្រុមកន្ទុំរុយ ក្រុមវឌ្ឍននារី និងក្រុមកាយឫទ្ធិនារី និងពិនិត្យមើលទីតាំងដី ដែលរដ្ឋអំណាចផ្តល់ ឱ្យសម្រាប់សាងសង់ទីស្នាក់ការ របស់សមាគម នៅស្រុកល្វាឯម ខេត្តកណ្តាល
-បានឧបត្ថម្ភថ្លៃព្យាបាលវះកាត់ និងព្យាបាលជំងឺកូវីដ-១៩ ដល់សមាជិកា មួយរូប នៅឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្តាល
-បានរៀបចំពិធីនឹករលឹក ឆ្នាំ២០២២ នៅខេត្តមណ្ឌលគិរី
-បានស្វែងរកអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ដល់សមាជិកា ៤រូប នៅស្រុកល្វាឯម ខេត្តកណ្តាល
-បានប្រារព្ធពិធីសច្ចាបញ្ចូល សមាជិកថ្មីលើកទី២១ ចំនួន ២២ រូប នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប
-បានដឹកនាំសមាជិកា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចូលរួមសង់តុក្កតាយក្ស ដែលជារូបតំណាង “ស្រីគ្រប់លក្ខណ៍” ដើម្បីចូលរួមអបអរសាទរ ទិវាវប្បធម៌ និងទិវាសិទ្ធិនារីអន្តរជាតិ និងបានចូលរួមក្បួនដង្ហែរតុក្កតាយក្ស នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២
-បានជួបសំណេះសំណាល ជាមួយអ្នកដែលមានបំណងចង់ចូល ជាសមាជិកសមាគម កាយឫទ្ធិនារីកម្ពុជា
-បានរៀបចំ និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនានា ទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការរៀបចំប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom
-បានប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ ចំនួន២៤៣រូប នៅសណ្ឋាគារសុខា ខេត្តសៀមរាប
-បានដឹកនាំសមាជិកនៃសមាគម ចូលរួមដាំផ្កាព្កុលចំនួន ២៦ ដើម នៅបរិវេណមុខប្រាសាទអង្គរវត្ត

នៅចុងបញ្ចប់ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា តំណាងសមាគមកាយឫទ្ធិនារីកម្ពុជា បានក្រាបបង្គំថ្វាយព្រះពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ និងសូមបួងសួងដល់ទេព្តាឆ្នាំថ្មី ព្រះនាម កិរិណីទេវី គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេព្តាថែរក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមីនៃដួងព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ទេព្តាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា សូមព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ ត្រជាក់ត្រជុំ ដល់កូនចៅ ចៅទួត ប្រជានុរាស្ត្រខ្មែរទាំងអស់ និងជាពិសេសដល់សមាគមកាយឫទ្ធិនារីកម្ពុជា ។ សេចក្តីគួរពុំគួរសូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះមេត្តាប្រោស ព្រះរាជទានទោស និងព្រះមេត្តាទទួលនូវសេចក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់ ។
បន្ទាប់មក សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ ស្វាគមន៏យ៉ាងកក់ក្តៅក្នុងសេចក្តីនឹករលឹក សាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួត របស់ព្រះអង្គ ក្នុងសមាគមកាយឬទ្ធិនារីកម្ពុជា ដែលមានវត្តមាននៅទីនេះ និងនៅគ្រប់មូលដ្ឋាន។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាយឬទ្ធិនារីកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ថ្លែងអំណរគុណ ដោយសេចក្តីកោតសរសើរ ដ៏កក់ក្តៅ ចំពោះលោកជំទាវបណ្ឌិត អគ្គស្នងការ ព្រមទាំងអ្នកម្នាង លោក លោកស្រី នាងកញ្ញា ក្នុងគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីដែលបានជាប់ឆ្នោតតាមរយៈអង្គសន្និបាត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១សម្រាប់អាណត្តិឆ្នាំ២០២១-២០២៤ នៃសមាគមកាយឫទ្ធិនារីកម្ពុជាទាំងអស់ ដែលបានចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរព្រះអង្គក្នុងឱកាសដ៏ថ្លៃថ្លានេះ។

ព្រះអង្គបានកោតសរសើរសមាគមកាយឫទ្ធិនារីកម្ពុជាដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ បរិច្ចាគទាំងកម្លាំងកាយ ចិត្ត បញ្ញាស្មារតី សំភារៈ និងថវិកា ដើម្បីជំរុញចលនា សមាគមកាយឫទ្ធិនារីកម្ពុជា អោយសម្រេចបានជោគជ័យគ្រប់ផ្នែក ក្នុងទិសដៅលើកកម្ពស់ និងអប់រំកុមារី យុវតីកម្ពុជា អោយក្លាយទៅជាពលរដ្ឋល្អ ប្រកបដោយសីលធម៌ ចំណេះដឹង មានការទទួលខុសត្រូវ ចំពោះខ្លួនឯង គ្រួសារ សមាគម និងសង្គមជាតិ។

ព្រះអង្គមានព្រះរាជសុវណ្ណីកោតសរសើដ៏ស្មោះ ស័្មគ្រ អស់ពីដួងព្រះរាជហឬទ័យ ចំពោះការខិតខំយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្នើម របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការថែរក្សាសេចក្តីសុខសន្តិភាព ស្ថេរភាព ហើយពិសេសទៅទៀត រាជរដ្ឋាភិបាលខិតខំ សម្រេចបានជោគជ័យ ជាបន្តបន្ទាប់ក្នុងការកសាងផ្លូវ ស្ពាន និង សមិទ្ធផលសំខាន់ៗ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សង្គម ធ្វើអោយជីវភាពរស់ នៅរបស់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គកាន់តែមានភាពល្អប្រសើរ ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលនៅក្រោមការ ដឹកនាំដ៏ឆ្នើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខិតខំសម្រេចបានស្នាដៃយ៉ាងធំធេង ថែមទៀត ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺ សកលកូវីដ១៩ បានយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យមានការថយចុះ ជាលំដាប់ធ្វើឲ្យសង្គមជាតិយើង មានកិច្ចដំណើរការលើគ្រប់វិស័យឡើងវិញ និង ធ្វើឲ្យកូនចៅ ចៅទួតរបស់ព្រះអង្គ ទទួលបាននូវភាពសប្បាយរីករាយ បានធ្វើបុណ្យធ្វើទានក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ដ៏ល្អផូរផង់នៃយើងទៀតផង។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសុវណ្ណីកោតសរសើរជាខ្លាំងផងដែរ ចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងការបរិច្ចាគនូវធនធានផ្ទាល់ ក្នុងការជួយសង្គ្រោះនូវប្រជារាស្ត្រកម្ពុជា ដែលមានវិជ្ជមានកូវីដ-១៩ ក្នុងពេលកន្លងមក នៅមន្ទីរពេទ្យហ្លួងម៉ែ ឋិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅតាមមណ្ឌលនានាធ្វើឲ្យកូនចៅចៅទួតរបស់ព្រះអង្គបានជាសះស្បើយ ពីជំងឺដ៏កាចសាហាវនេះ៕

To Top