ព័ត៌មានជាតិ

សម្តេច ស ខេង ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយវឌ្ឍនភាពឥតឈប់ឈររវាង កម្ពុជា-ឡាវ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយវឌ្ឍនភាពឥតឈប់ឈររវាងកម្ពុជា-ឡាវ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតឡាវ ទើបតែងតាំងថ្មី ប្រចាំកម្ពុជា នាថ្ងៃទី២០ មេសា សម្តេច ស ខេង បានថ្លែងអំណរគុណចំពោះឆន្ទៈរបស់ឯកអគ្គរដ្ឋទូត ក្នុងការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។

សម្តេច មានប្រសាសន៍បញ្ជាក់ថា “ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយវឌ្ឍនភាពឥតឈប់ឈររវាងកម្ពុជា-ឡាវ ក្នុងនោះរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណឡាវ ដោយបានយកចិត្តទុកដាក់ពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក”។

នាឱកាសនោះដែរ សម្តេច ស ខេង ក៏បានលើកឡើងថា ទោះបីជាកន្លងមកស្ថិតក្នុងស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ប៉ុន្តែក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណឡាវ បានខិតខំស្វែងរកឱកាសដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាតាមរយៈការជួបប្រជុំតាមអនឡាញជាដើម និងបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសកិច្ចសហការរក្សាសន្តិសុខតាមព្រំដែនផងដែរ។

ជាមួយគ្នានេះ លោក បូរកែវ ភូមិវង់សាយ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងអាណត្តិការងារ និងបំពេញបេសកកម្មនៅកម្ពុជា ដោយលោក នឹងខិតខំកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណឡាវ ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងជោគជ័យបន្ថែមទៀត តទៅអនាគត៕

To Top