ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្ត ទុកដាក់កែលម្អ និងធ្វើទំនើបកម្មផ្លូវដែក ល្បឿនលឿន

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាយកចិត្តទុកដាក់ទៅលើកែលម្អប្រព័ន្ធផ្លូវដែក ព្រមទាំងធ្វើទំនើបកម្មផ្លូវដែកល្បឿនលឿននៅកម្ពុជា ហើយគ្រោងនឹងបញ្ចប់ ក្នុងរយៈពេល ៣ខែខាងមុខ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Saksayam Chidchob រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ នាថ្ងៃទី២០ មេសា តាមប្រព័ន្ធវិដេអូ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរវាង កម្ពុជា-ថៃ មិនគ្រាន់តែបង្កើនទំហំនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាកត្តាគន្លឹះជួយជំរុញ ដល់កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។

លោក បានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបានផ្តោត ការយកចិត្តទុកដាក់ទៅលើកែលម្អប្រព័ន្ធផ្លូវដែកកម្ពុជា ដោយបច្ចុប្បន្ននេះកម្ពុជា កំពុងតែដំណើរការការសិក្សា សមិទ្ធិលទ្ធភាព(Feasibility Study) លើការធ្វើទំនើបកម្មផ្លូវដែកល្បឿន លឿននៅកម្ពុជា ហើយការសិក្សានេះគ្រោងនឹង បញ្ចប់ក្នុងរយៈពេល ៣ ខែខាងមុខ»។

លើសពីនេះ លោកទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះភាគីថៃ បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ក្នុងគម្រោងសាងសង់រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងស្ពានមិត្តភាព កម្ពុជា-ថៃ ស្ទឹងបត់- បានណងអៀន ដែលគម្រោងទាំងពីរនេះ នឹងជួយសម្រាលដល់ការកកស្ទះ នៅច្រកទ្វារព្រំដែន ប៉ោយប៉ែត-អារញ្ញប្រាថេត និងជំនួយជាដែករ៉ៃប្រើរួចប្រវែង១៤០គីឡូម៉ែត្រ រួមទាំងកំណល់ និងក្រចាប់ ជាប្រយោជន៍សម្រាប់ប្រើប្រាស់ នៅក្នុងវិស័យផ្លូវដែកនៅកម្ពុជា។

សូមរំលឹកថាក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សារកវិធីសាស្រ្ត ជំរុញការអនុវត្តគម្រោងសាងសង់ រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន (Cross Border Facilities) នៅច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន និងដាក់ឲ្យដំណើរ ការច្រកទ្វារព្រំដែននេះ ឲ្យបានឆាប់ប្រកបដោយ ប្រសិទ្ធភាពសំដៅសម្រាលការ កកស្ទះនៅច្រកទ្វារ ព្រំដែន អន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត ការបើកច្រកទ្វារព្រំដែន ផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងគោលបំណង បង្កើនការតភ្ជាប់ បង្កើនទំហំពាណិជ្ជកម្ម ទាក់ទាញទេសចរណ៍ និងវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ច របស់ប្រទេសទាំងពីរ ៕

To Top