ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ ទំនប់បង្ហៀរស្ទឹងឆ្វេង ក្នុងស្រុកបាធាយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ទំនប់បង្ហៀរ ស្ថិតនៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។

បើតាមលោក យុទ្ធ ចាន់ផល មេឃុំ ច្បារអំពៅ បានប្រាប់ឲ្យដឹងថា សំណង់បង្ហៀរ (ទ្វារ២) លើស្ទឹងឆ្វេង សំណង់បង្អៀរ (ទ្វារ២) ទី១ ប្រវែង ១០០ ម៉ែត្រ និង សំណង់បង្អៀរ (ទ្វារ២) ទី២ មាន ប្រវែង២០០ ម៉ែត្រ ទទឹង មានប្រវែង ៥,៦០ ម៉ែត្រ ។ ដោយ សំណង់បង្អៀរ (ទ្វារ២) ទី១ សាងសង់បាន ៩០% ហើយ ចាប់ផ្ដើមសាងសង់ ក្នុងខែមិនា ឆ្នាំ ២០២២ ។ ដោយឡែក សំណង់បង្អៀរ (ទ្វារ២) ទី២ កំពុងចាប់ផ្ដើមដំណើរការសាងសង់ ។

លោកមេឃុំបានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២១ កន្លងទៅ តំបន់ខាងលើមានការចម្រូងចម្រាស់ ខ្វែងគំនិតគ្នាពីសំណាក់ប្រជាពលរដ្ឋនៅសងខាងស្ទឹង ដោយកាលនោះមានមតិខ្លះមិនឱ្យទប់ទំនប់រក្សាទឹក និងមតិខ្លះទៀតចង់ទប់ទំនប់រក្សាទឹក ។ រហូតដល់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញ ចុះមកពិនិត្យសិក្សាដោយផ្ទាល់ ទើបរៀបចំផែនការ ដើម្បីសាងសង់ ទំនប់បង្ហៀរ នេះឡើង ក្នុងគោលបំណងដោះស្រាយ ទំនាស់របស់ប្រជាពលរដ្ឋ និងជួយដោះស្រាយប្រជាពលរដ្ឋចំនួន ៣ ស្រុក ឱ្យមានប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំ ស្រូវប្រាំងជាដើម ។

លោកមេឃុំច្បារអំពៅ បានបញ្ជាក់ថា ការសាងសង់ទំនប់បង្ហៀរនេះ គឺមានផលប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះដូចជា នៅពេលដែលទឹកស្រកផុតទៅ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅតំបន់នេះ អាចអាចធ្វើដំណើរឆ្លងស្ទឹង ឬដឹកកសិផលឆ្លងកាត់ ដោយមិនចាំបាច់ប្រើទូកចម្លង ឬធ្វើស្ពានឆ្លងដូចមុនទេ។

ម្យ៉ាងទៀតទំនប់បង្ហៀរនេះ មានទ្វារបិទបើក សម្រាប់ទប់ទឹក និងបង្ហូរទឹកចេញ ដែលប្រការនេះ ធ្វើឲ្យប្រជាពលរដ្ឋដែលនៅក្នុងស្រុកជើងព្រៃ , ស្រុកកងមាស និងស្រុកបាធាយ អាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ជាពិសេស សម្រាប់ស្រោចដំណាំ នឹងធ្វើស្រូវប្រាំងជាដើម ៕

To Top