ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល សង្ឃឹមថា ការប្រើយានយន្ដអគ្គិសនីនឹងកើនឡើង ព្រោះកំណើនចុះបញ្ជី៧០០% (Video)

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន មានជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់យានយន្ដ ដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងនាពេលអនាគត ព្រោះថា កំណើននៃការចុះបញ្ជីយានយន្តអគ្គិសនីចំនួន៧០០% ក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២២។

ក្នុងពិធីសម្ពោធបើកឲ្យដំណើរការស្ថានីយប្រេងឥន្ធនៈកាល់តិចទី៥០ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រសួង ក៏មានបំណងបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីសិក្សាបន្ថែម និងអភិវឌ្ឍន៍គោលនយោបាយជាតិទូលំទូលាយមួយ ស្ដីពីយានយន្តអគ្គិសនី ហើយបច្ចុប្បន្ននេះ អង្គការ UNDP កំពុងជួយជ្រោមជ្រែងដល់ក្រសួង ក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅទូទាំងប្រទេស។

លោកគូសបញ្ជាក់ថា «កំណើននៃការចុះបញ្ជីយានយន្តអគ្គិសនីចំនួន៧០០% ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។ ខ្ញុំជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បី ដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគត នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនី ត្រូវបានដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួន លើការប្រើប្រាស់យានយន្ដអគ្គិសនី»។

លោកបន្ថែមថា ដើម្បីជំរុញឲ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឲ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការUNDP នៅទីស្តីការក្រសួង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ហើយក្រសួងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ដែលផ្ដល់ដោយអង្គការ UNDPនៅក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃស្អែក។

លោកទេសរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា និងបានជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនរបស់អាមេរិកជាច្រើនបន្ថែមទៀត មកវិនិយោគនៅកម្ពុជា ដើម្បីកសាងអនាគតកម្ពុជាកាន់តែភ្លឺស្វាងបន្ថែមទៀត៕

To Top