ព័ត៌មានជាតិ

សម្ដេចតេជោ ចំអកឱ្យបណ្ឌិតក្រៅស្រុកមួយចំនួន ដែលមើលស្រាលសញ្ញាបត្រ និងការសិក្សានៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឱ្យក្រុមបណ្ឌិតរស់នៅក្រៅស្រុកមួយចំនួន ដែលតែងតែមើលស្រាល សញ្ញាបត្របញ្ចប់ការសិក្សា និងការសិក្សានៅកម្ពុជា ក៏ធ្លាប់រៀនសូត្រ នៅក្រោមដំបូលសាលា របស់រាជរដ្ឋាភិបាលកម្ពុជា បានកសាងឡើងផងដែរ។

ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា «ខ្លះមើលស្រាលសញ្ញាបត្រនៅកម្ពុជា និងការសិក្សានៅកម្ពុជា ប៉ុន្តែអ្នកដែលជាប់បណ្ឌិតនៅកម្ពុជា រត់ទៅក្រៅប្រទេសស្រាប់តែគេហៅថាលោកបណ្ឌិតៗរហូត ប៉ុន្តែនៅពេលជាមួយគ្នាគេបែរជាបន្ទោសបង្អាប់ ការសិក្សានៅក្នុងស្រុករបស់យើង ប៉ុន្តែបានទៅនៅក្រៅស្រុកបានទៅជាបណ្ឌិត ។ អានេះបណ្ឌិតរៀនតាំងពីក្មេង នៅក្រោមសាលារបស់យើងក្រោយឆ្នាំ១៩៧៩ ហើយចេះតែឡើងទៅ ដោយរៀនយកបរិញ្ញាក៏នៅហ្នឹង បរិញ្ញាជាន់ខ្ពស់ក៏នៅហ្នឹង បណ្ឌិតក៏នៅហ្នឹង ដល់ពេលចេញទៅក្រៅ គេហៅបណ្ឌិតលាន់ ដូច្នេះខ្មែរមានតម្លៃដែរតើ សញ្ញាបត្រខ្មែរ»៕

To Top