ព័ត៌មានជាតិ

អាជ្ញាធរ គ្រោងសម្ពោធ​ដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក នៅពេលឆាប់ៗខាងមុខ

ភ្នំពេញ ៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅពេលដ៏ខ្លីខាងមុខ ខណៈការដ្ឋាន សាងសង់ស្ពានអាកាសថ្មើរជើងមួយនេះ ស្ថាបនារួចរាល់១០០%ហើយ ដើម្បីទុកឲ្យប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ដើរឆ្លងកាត់ ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៨ ខែមេសាថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះ ជាសមិទ្ធផលថ្មីមួយទៀត របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ការដ្ឋាននេះ ស្ថាបនាបានរួចរាល់១០០%ហើយ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទុកឲ្យពលរដ្ឋ បានដើរឆ្លងកាត់ ព្រោះស្ពានថ្មើជើងមួយនេះឆ្លងលើមហាវិថីធំៗ២ខ្សែ និងនៅលើចំណុចប្រសព្វ ផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។

យោងតាមយុវជនម្នាក់ឈ្នោះ ពេជ្រ ធន់នរៈ បានបង្ហាញពីការចាប់អារម្មណ៍ថា បន្ទាប់ពីមានស្ពានមួយនេះ ហើយពួកគេមានភាពងាយស្រួល ក្នុងការធ្វើដំណើរឆ្លងកាត់ ដោយជួយកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ និងមិនបាច់រងចាំស្តុប មិនចំណាយពេលយូរ ដូចជាកាលពេលមិនទាន់មានស្ពានអាកាស ។ ជាមួយគ្នានោះ យុវជនរូបនេះ ថែមទាំងបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងគណៈអភិបាលរាជធានីភ្នំពេញ ដែលបានកសាងស្ពានអាកាសនេះឡើង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ នៅជុំវិញតំបន់នេះ ឲ្យកាន់តែមានភាពល្អប្រសើរ។

គួរបញ្ជាក់ថា ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាងសង់នៅលើចំណុចផ្លូវប្រសព្វ ទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាពទោះពួកគេ មកពីទិសខាងណាក៏ដោយ៕

To Top