ព័ត៌មានជាតិ

ស្រ្តីលក់ផលិតផល តាមអនឡាញ ដ៏ស្រស់ម្រឹមប្រីយ៍ម្នាក់ ត្រូវបានឃុំខ្លួន ពីបទឆបោកប្រាក់

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ លោករស់ សាមឌី នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ស្រ្តីលក់ផលិតផលតាមអនឡាញម្នាក់ និង បានបញ្ជូនខ្លួននាង នៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការឆបោកប្រាក់ អតិថិជនរបស់គាត់ តាមការឡាយលក់ផលិតផល តាមហ៊្វេសប៊ុក (Facebook) ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងខែមករា ឆ្នាំ២០២០ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក ចៅក្រមស៊ើបសួរ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ អាន ធីតា ភេទ ស្រី អាយុ២៨ ឆ្នាំ មុខរបរ លក់ផលិតផលតាមអនឡាញ មានទីលំនៅ ផ្ទះលេខ៣០ ផ្លូវលេខ៤១៥ សង្កាត់បឹងកក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ស្រ្តីជាប់ចោទ អាន ធីតា ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ: ឆបោក តាមបញ្ញាតិមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ឈ្មោះ អាន ធីតា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក រស់ សាម៉ីឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើបណ្តឹងរបស់ឈ្មោះ លឹម ស្រីពេជ្រ កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២២ ៕

ដោយ: លីហ្សា

To Top