ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ គណបក្សប្រជាជនកម្ពុជា ប្រកាន់គោលជំហរ បំរើផលប្រយោជន៍រួម មិនប្រកាន់បក្ខពួក

ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ប្រកាន់គោលជំហរ បំរើផលប្រយោជន៍រួម មិនប្រកាន់បក្សពួកដែល ប្រាសចាកពីច្បាប់រដ្ឋ និងគោលការណ៍គណបក្សឡើយ ។

ក្នុងពិធីសម្ពោធអគារទីស្នាក់ការ និងសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថាគណបក្សប្រជាជនកម្ពុជា បានដឹកនាំគ្រប់គ្រងប្រទេសជាតិរយៈពេលជាង ៤០ឆ្នាំមកហើយ បើគិតត្រឹមតែពីឆ្នាំ១៩៧៩ ដោយសារមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប និងក៏ដោយសារគណបក្ស បានប្រកាន់ឧត្តមគតិរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ពោលគឺមិនមែនមានតែគោលការណ៍ ឬគោលនយោបាយនោះទេ តែគណបក្ស បាននិងកំពុងប្រកាន់ខ្ជាប់ ឧត្តមគិតិស្នេហាជាតិ ស្នេហាប្រជាជន និងគោរពរដ្ឋធម្មនុញ្ញ ។

សម្ដេច មានប្រសាសន៍ ថា «គណបក្សប្រជាជនកម្ពុជា បានប្រកាន់គោលជំហរបំរើផលប្រយោជន៍រួម មិនប្រកាន់បក្សពួកដែល ប្រាសចាកពីច្បាប់រដ្ឋនិង គោលការណ៍គណបក្សឡើយ»។

សម្ដេច បន្ថែម ថា «មិនអាចឯងគាំទ្រអញ ទោះឯងធ្វើអីខុសក៏មិនយកទោសពៃដែរ មិន បានទេ! ព្រោះការដឹកនាំ និងគ្រប់គ្រងត្រូវមានគោលការមួយ ដែលត្រូវគោរព គឺច្បាប់ ឬបើនិយាយពីគណបក្ស គឺបន្ទាត់នយោបាយគណបក្ស និងលក្ខន្តិកៈគណបក្ស»។

សម្ដេច ក៏បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ ដោយភ្ជាប់ទៅនឹងទិសដៅ នៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។

ជាមួយគ្នានេះ សម្ដេច ក៏បានមានប្រសាសន៍អំពី ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីផ្ដល់សិទ្ធិអំណាច និងការទទួលខុស ត្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចបំរើសេវាសាធារណៈ បំរើផលប្រយោជន៍ និងសេចក្ដីត្រូវការប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរ។

ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ត្រូវសម្រេចឲ្យបាននូវជោគជ័យ លើការងារសំខាន់ៗ២ រួមមានការទទួលបានជ័យជ័យ ជម្នះក្នុងការបោះឆ្នោតឃុំ-សង្កាត់ និងការរួមចំណែកធ្វើឱ្យការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅប្រកបដោយភាពរលូន គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដ្បិតគណបក្សប្រជាជនកម្ពុជា ជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ។

សម្ដេច ក៏បានឆ្លៀតជំរុញបន្ថែមទៀត ឲ្យថ្នាក់ដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រៀបចំវេទិកាសាធារណៈឲ្យបានទៀងទាត់ជាមួយប្រជាពលរដ្ឋ ដើម្បីប្រើយន្តការនេះ ដោះស្រាយបញ្ហា កង្វល់ និងសំណូមពរប្រជាពលរដ្ឋ ហើយត្រូវបំផុសឲ្យប្រជាពលរដ្ឋ ហ៊ានបញ្ចេញមតិយោបល់ ឲ្យពួកគាត់មានសេចក្ដីក្លាហាន ក្នុងការលើកឡើងនូវបញ្ហាផ្សេងៗ ដើម្បីរួមគ្នាដោះស្រាយបញ្ហា ទាំងនោះ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ទៅតាមសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ ៕

To Top