ព័ត៌មានជាតិ

សម្តេចតេជោ រំលឹកមេដឹកនាំយោធា មីយ៉ាន់ម៉ា ថា គ្រប់គ្នាចង់ឃើញវឌ្ឍនភាពឆាប់ៗ នូវអាទិភាពបន្ទាន់៣ នៃការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកប្រាប់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ាថា គ្រប់ភាគីទាំងអស់ ចង់ឃើញមីយ៉ាន់ម៉ា មានវឌ្ឍនភាពឆាប់ៗនូវអាទិភាពបន្ទាន់៣ នៃការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

យោងតាមសេចក្តី ប្រកាសរបស់ក្រសួងការបរទេសខ្មែរ ស្ដីពីលទ្ធផលនៃជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ និង លោក មីន អោងឡាំង នៅថ្ងៃទី២ ខែឧសភា ឲ្យដឹងថា អាទិភាពបន្ទាន់ទាំង៣ នោះរួមមាន៖ ១៖ ការបញ្ឈប់អំពើហិង្សា, ២៖ ការផ្តល់ជំនួយមនុស្សធម៌ ទៅដល់គ្រប់ប្រជាជនដែលកំពុងតែត្រូវការបំផុត ដោយគ្មានឧបសគ្គរារាំង និង៣៖ ការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីជំរុញកិច្ចសន្ទនាប្រកបដោយបរិយាបន្ន។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយគាំទ្រមីយ៉ាន់ម៉ារកដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិដែលកំពុងមាននាពេលបច្ចុប្បន្ន និងបានជម្រាបជូនសម្តេចពីសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ាដែលរួមមាន ការឆ្លើយតបនឹងអំពើហិង្សាជាបន្តបន្ទាប់ ការប្រកាសពីឆន្ទៈ ក្នុងការចរចាកិច្ចព្រមព្រៀង បទឈប់បាញ់ជាមួយ ក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច (EAOs) និងការចែកចាយជំនួយវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងសម្ភារៈវេជ្ជសាស្ត្រ ទៅដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន៥៨កន្លែងនៅមីយ៉ាន់ម៉ា ៕

To Top