ព័ត៌មានជាតិ

ក្រុម​គ្រូពេទ្យ​ ផ្ដេីម​ស្ពាយវ៉ាក់សាំង ចុះចាក់នៅតាមផ្សារ​ ទី​ប្រជុំ​ជន​​ និងផ្ទះ​ជួល​ក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញ៖​ ក្រុម​គ្រូពេទ្យនៃ​មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ​ និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​របស់​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​ សហការជាមួយអាជ្ញាធរមូលដ្ឋាន បាន​កំពុង​សម្រុក​បេីក​យុទ្ធនាការ​ចុះ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ជូនប្រជាពលរដ្ឋ អ្នកនៅ​តាមទីផ្សារ​ ទី​ប្រជុំ​ជន​ ប្លុក​ផ្ទះ​ជួល​របស់​កម្មករ​ ក្នុងរោងចក្រទីតាំង​ចល័ត​នានា ​និងឈានដល់ ការស្ពាយយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ទៅចាក់ឱ្យនិស្សិតដល់អន្តេវាសិកដ្ឋានទៀតផង ។

សកម្មភាពនេះ បានបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ដ៏ខ្លាំងក្លាបំផុត របស់សម្តេចតេជោ ​នាយក​រដ្ឋមន្ត្រី​ ក្រោមការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា ក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់ដូសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដូសទី៤ ជូនប្រជាពលរដ្ឋបន្ថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

ជាក់ស្តែងពេលថ្មីៗ​កន្លងមកនេះ អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្ត របស់សម្តេចពិជ័យសេនា​ទៀ បាញ់​បានចុះចាក់វ៉ាក់សាំងជូននិស្សិតស្នាក់ដែលកំពុងស្នាក់នៅអន្តេវាសិកដ្ឋានទិចណូ​ ចំនួន៥៧នាក់​ ក្នុងនោះនិស្សិតឡាវ២៣នាក់​ និស្សិតវៀតណាម​ ១៣នាក់​ និងនិស្សិតខ្មែ២១នាក់​ ។ ចំណែកនៅតាមទីផ្សាររដ្ឋនានា នៅក្នុងរាជធានីភ្នំពេញ ក្រុមការងារនេះក៏បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មផងដែរ ដើម្បីសុខមាលភាពប្រជាជន។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ បានជូនដំណឹង ពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញ ជូនពលរដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរ នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និង ដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្ត៕

To Top