ព័ត៌មានជាតិ

មជ្ឈមណ្ឌលភស្ដុភារកម្ម និងកំពង់ផែពហុបំណងកំពត ប្រើទុនវិនិយោគ ១,៥០០លានដុល្លារ

ភ្នំពេញ៖ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង របស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត មានទីតាំងស្ថិតនៅភូមិចង្អោន ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយគម្រោងប្រើទុនវិនិយោគ ១,៥០០លានដុល្លារ។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាពេលនេះ ក្រោមអធិបតីភាព ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដី បានឲ្យដឹងថា ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក បានទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅលើដីឯកជនរបស់ ក្រុមហ៊ុនដែលមានទំហំសរុប ៦០០ហិកតា គ្រោងប្រើទុនវិនិយោគសរុបប្រមាណ ១,៥០០លានដុល្លារ អនុវត្តជា៣ដំណាក់កាល។

គម្រោងនេះស្ថិតនៅក្នុងតំបន់មានអំណោយផល ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងបង្កើតឡើងកំពង់ផែទឹកជ្រៅ ពហុបំណងដ៍ធំមួយទៀតនៅកម្ពុជា និងទំនើបលំដាប់អន្តរជាតិ នៅក្នុងតំបន់អាស៊ាន ដែលអាចឲ្យនាវាចំណុះ ១០០ ០០០ តោន ចូលចតបាន , តំបន់សេដ្ឋកិច្ចពិសេសដែលមាន តំបន់ពាណិជ្ជកម្មសេរី ទីលានកុងតឺន័រ មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារតយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ទនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលជូនប្រជាពលរដ្ឋប្រមាណ ១០០០០កន្លែង នៅពេលដាក់ឲ្យដំណើរការ ព្រមទាំងជួយឲ្យសម្រេចឲ្យបានជោគជ័យ «ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម» និងគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ៕

To Top