ព័ត៌មានជាតិ

អឺរ៉ុប ផ្ដល់នាវាល្បាត៧គ្រឿង ដើម្បីចូលរួមទប់ស្កាត់ បទល្មើសនេសាទ នៅតាមសមុទ្រកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុប តាមរយៈកម្មវិធី CAPFISH-Capture បានផ្តល់នាវាល្បាតចំនួន៧គ្រឿង ថ្មីបន្ថែមទៀត ដល់អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង៤ ក្នុងខេត្តកោះកុង ដើម្បីចូលរួមទប់ស្កាត់ បទល្មើសនេសាទ នៅតាមសមុទ្រកម្ពុជា ។ នេះបើយោងតាមក្រសួងកសិកម្ម។

ពិធីប្រគល់ទទួល នាវាល្បាតក្រោមហិរញ្ញប្បទាន ឥតសំណងរបស់សហភាពអឺរ៉ុប នៃកម្មវិធី CAPFISH-Capture និងចូលរួមទម្លាក់ប្រអប់ បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទនេះធ្វើឡើងដោយមានចូលរួមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។

ការផ្ដល់នាវាល្បាតនេះ សម្រាប់បំពេញតម្រូវការចាំបាច់ក្នុងការអនុវត្តគម្រោង ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពក្នុងសូចនាករ បានចែងនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប សម្រាប់អនុវត្តផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ (NPCI) និងផែនការសកម្មភាពជាតិ ស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រកម្ពុជា (NPOA-IUU) ៕

To Top