ព័ត៌មានជាតិ

ប្រទះឃើញគ្រាប់បែកទំងន់ជិត១តោន នៅទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ

ភ្នំពេញ ៖ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលគេស្គាល់ថា ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម ត្រូវបានបានប្រទះឃើញ នៅពេលស្តារកាយល្បាប់បាតទន្លេស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង ។

លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ (CMAC)បានឲ្យដឹងថា នៅថ្ងៃ៥ ឧសភានេះ កំលាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យ និងបោសសំអាតគ្រាប់បែកទម្លាក់ ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលបានប្រទះឃើញនៅពេលស្តារកាយ ល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង ។

លោកបញ្ជាក់ថា «គ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទAN-M66 នេះមានទម្ងន់ជិត១.០០០គីឡូក្រាម មានជាតិផ្ទុះជាង៥០០គីឡូក្រាម ដែលមានឋាមពលបង្ក គ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិត នៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម។ តាមទិន្នន័យព័ត៌មាន មានគ្រាប់បែកប្រភេទAN-M66នេះចំនួន១១គ្រាប់ ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ដែលបានទម្លាក់នៅកម្ពុជា»។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានសហការយ៉ាងជិតសិ្នទ្ធ ជាមួយកំលាំងអង្គភាពស៊ីម៉ាក់ក្នុងការជន្លៀសគ្រាប់បែកដ៏ធំមួយនេះចេញពីទីតាំងរាជធានីភ្នំពេញ ទៅរកកន្លែងសុវត្ថិភាព ដើម្បីកំលាំងជំនាញអង្គភាពស៊ីម៉ាក់ ធ្វើការដោះបន្សាប ធានាសុខសុវត្ថិភាពជូនសង្គមជាតិ៕

To Top