ព័ត៌មានជាតិ

ក្រុមហ៊ុន៦បន្ថែមទៀត បោះទុនវិនិយោគជាង១៥០ លានដុល្លារ បង្កើតរោចក្រ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៦បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគ ចំនួន១៥២,៦លានដុល្លារ ដើម្បីបង្កើតរោងចក្រ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលអាចបង្កើតឲ្យឱកាសការងារ ចំនួន៣៤៣៦កន្លែង ។

យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៥ ឧសភានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. RONG JIN C C CERAMIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣០៤កន្លែង។

២. ELITE SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគ ស្ថិតនៅអគារលេខ A10 & A12 ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ៤៧,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង ។

៣. MAKRO (CAMBODIA) COMPANY LIMITED គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១២,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦១កន្លែង។

៤. SHENG KA SHIN ELECTRONIC REBORN RESOURCE CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើង បន្ទះអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគ ប្រមាណ ៩,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥០៥កន្លែង។

៥. LHTL DECORATION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រ ផលិតនិងផ្គុំដំឡើងខ្សែអំពូលភ្លើង តុបតែងនិងដើមឈើ សិប្បនិម្មិតគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥៦កន្លែង។

៦. JBT TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រ ផ្គុំដំឡើងអំពូលភ្លើង ពណ៌លម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.១៧៣កន្លែង ៕

To Top