ព័ត៌មានជាតិ

កម្ពុជា ប្រកាសមិនអនុញ្ញាតឱ្យមានការសិក្សា វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Jyri Jarviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មីប្រចាំកម្ពុជា នៅថ្ងៃទី៥ ឧសភានេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនបន្តផ្តល់គម្រោង អភិវឌ្ឍន៍ថាមពលដើរដោយធ្យូងថ្មទៀតទេ ហើយក៏នឹងមិនអនុញ្ញាតឱ្យមានការសិក្សា វារីអគ្គិសនីនៅតាមដងទន្លេមេគង្គនោះទេ ។ នេះបើយោងតាមក្រសួងរ៉ែ និងថាមពល ។

ក្នុងជំនួបនោះដែរលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ក្រោយពីទទួលបានការណែនាំ និងពន្យល់បកស្រាយពីរដ្ឋមន្ត្រីក្រសួងរ៉ែ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការអភិវឌ្ឍវិស័យនេះ រួមមាន៖ ការរៀបចំគោលនយោបាយអភិវឌ្ឍថាមពល, ទិន្នន័យនៃការផលិតថាមពលក្នុងស្រុក និងការនាំចូល, ការបេ្តជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអាកាសធាតុ និង ការបន្ថែមប្រភពផលិតថាមពលស្អាត ទៅក្នុងថាមពលចម្រុះកម្ពុជា ។

លោករដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្ន ក្រសួងរ៉ែនិងថាមពល បានរៀបចំផែនការមេអភិវឌ្ឍវិស័យ ថាមពលវែងរហូតដល់ឆ្នាំ២០៤០ ហើយបានគិតគូរយ៉ាងគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា ឱ្យមានភាពគ្រប់គ្រាន់ មានគុណភាព មានស្ថេរភាព និងតម្លៃសមរម្យ ជាមួយនឹងការអភិវឌ្ឍថាមពលស្អាត និងចូលរួមប្រយុទ្ធប្រឆាំងការបំរែបំរួលអាកាសធាតុ ជាមួយអង្គការសហប្រជាជាតិ ក្នុងនោះប្រទសកម្ពុជា ជាប្រទេសមួយដែលបញ្ចេញ ឧស្ម័នកាបូនតិចតួចបំផុត។

រដ្ឋមន្ត្រីក្រសួងរ៉ែ បញ្ជាក់ច្បាស់ៗថា «ជំហរកម្ពុជា គឺមិនបន្តផ្តល់គម្រោងអភិវឌ្ឍន៍ ថាមពលដើរដោយធ្យូងថ្មទៀតទេ ក្រៅពីគម្រោងដែលរដ្ឋាភិបាល បានសម្រេចរួចកាលពីឆ្នាំ២០១៩ ហើយនឹងជំរុញឱ្យមានការ កែប្រែរោងចក្រធ្យូងថ្មទាំងនេះ មកជារោងចក្រដើរដោយឧស្ម័ន LNG វិញ ។ ជាងនេះទៅទៀត ក្រសួង ក៏នឹងមិនអនុញ្ញាតឱ្យមាន ការសិក្សាវារីអគ្គិសនី នៅតាមដងទន្លេមេគង្គនោះទេ» ៕

To Top