ព័ត៌មានជាតិ

ឆ្នាំ២០២១ តម្លៃពាណិជ្ជកម្មសរុបរវាង កម្ពុជា-អាមេរិក សម្រេច បានប្រមាណ ៧.៩ពាន់លានដុល្លារ

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា អាមេរិក ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ដោយតម្លៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរប្រមាណ ៧.៩ពាន់លានដុល្លារ និងវិនិយោគពីអាមេរិកមកកម្ពុជាកើនដល់ ៨៦៣លានដុល្លារ កាលពីឆ្នាំ២០២១។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។

នាឱកាសទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ដឹកនាំដោយលោក Amb. Michael Michalak អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា អមដោយតំណាងក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៣ នាថ្ងៃទី៤ ឧសភា នៅទីស្តីការក្រសួង លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន នៃតំបន់អាស៊ាន និងអាមេរិក។

លោក បន្ដថា ជាពិសេសគាំទ្រ និងចូលរួមផ្ដល់នូវអនុសាសន៍សំខាន់ៗក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន (ASEAN Finance Ministers’ and Central Bank Governors’ Meeting “AFMGM”) ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និងធនាគារ ជាតិនៃកម្ពុជា កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ កន្លងទៅនេះ ។ លោកថា ធាតុចូលពីវិស័យឯកជន គឺជាវិភាគទាន និងធាតុចូលដ៏សំខាន់សម្រាប់ ការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ សំដៅធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគក្នុងតំបន់អាស៊ាន។

លោក ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ដោយ តម្លៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានចំនួនសរុបប្រមាណ ៧.៩ពាន់លានដុល្លារ និងវិនិយោគពីសហរដ្ឋអាមេរិកមកកម្ពុជា បានកើនដល់ ៨៦៣លានដុល្លារ ក្នុងឆ្នាំ២០២១»។

នាឱកាសនោះដែរ លោក Amb. Michael Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងតំបន់នៃ US-ABC បានអបអរចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំ AFMGM របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យដៃគូពាក់ព័ន្ធ ជាពិសេស វិស័យឯកជនផ្លាស់ប្តូរយោបល់ និងទស្សនវិស័យជុំវិញឱកាស និងបញ្ហាប្រឈមនានា សំដៅឈានទៅសម្រេចបាននូវការកសាងភាពធន់នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន៕

To Top