ព័ត៌មានជាតិ

PATA សម្រេចបាន៤ចំណុច ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងកម្ពុជា-ថៃ-វៀតណាម ក្រោយជំនួប CVTEC (Video)

ភ្នំពេញ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) បានបោះជំហ៊ានទៅសម្រេចបាន៤ចំណុចធំៗ ដែលជាសមទ្ធផលថ្មីមួយ នៃសកម្មភាពក្នុងការលើកស្ទួយ វិស័យទេចរណ៍នៅកម្ពុជា តាមរយៈការផ្ទាល់ប្តូរពាណិជ្ជកម្ម តាមច្រករបៀងសេដ្ឋកិច្ចរវាងកម្ពុជា ថៃ វៀតណាម ដែលបានធ្វើឡើង នៅទីក្រុងបាកកក កាលពីពេលថ្មីៗនេះ ពោលពីថ្ងៃទី៤-៧ ខែឧសភា ឆ្នាំ២០២២ ។

ក្រោយដំណើរទស្សនកិច្ច ក៏ដូចជាកិច្ចពិភាក្សាជាមួយគ្រប់ភាគី នៅទីក្រុងបាងកក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានឲ្យដឹងថា សកម្មភាពចាប់ពីថ្ងៃ៤-៧ឧសភា របស់សមាគម បានផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំង៣ដូចខាងក្រោម៖
១- ចាប់ផ្តើមផ្សព្វផ្សាយ និងផ្លាស់ប្តូរទស្សនកិច្ចសិក្សា រវាងប្រទេសទាំង៣ CVTEC ចាប់ផ្ដើមពីខែឧសភានេះតទៅ
២-ចាប់ផ្ដើម ផ្លាស់ប្តូរភ្ញៀវទេសចរណ៍ រវាងប្រទេសទាំង៣ ចាប់ពីខែកក្កដានេះតទៅ ដោយឆ្លងកាត់ព្រំដែន និង អាកាស
៣-ស្នើរដ្ឋាភិបាល ប្រទេសទាំង៣ ឲ្យមានគោលនយោបាយព្រំដែនរួម ដើម្បីបង្កើតឲ្យមានភាពងាយស្រួល សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ឆ្លងកាត់ដោយមិនមានឧបសគ្គ
និង៤- បង្កើតសម្ព័ន្ធភាព នឹងសាមគ្គីភាពវិស័យឯកជនក្នុងតំបន់ ដោយឈរលើរគោលការណ៍ របស់អាស៊ាន (One Vision , One identity , One community) រួមគ្នាតស៊ូមតិ ដើម្បីបំរើប្រយោជន៍រួមក្នុងតំបន់ ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្នុងការដឹកនាំសមាជិក ជាក្រុមហ៊ុនឯកជន ក្នុងវិស័យទេចរណ៍មកចូលរួមកិច្ចប្រជុំ Cambodia-Vietnam-Thailand Economic Corridor Cooperation Conference នេះ សមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) បានធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មរួមគ្នា ហើយក៏បានត្រៀមកញ្ចប់ទស្សនកិច្ច ៣ប្រទេសរួមគ្នា កម្ពុជា-វៀតណាម-ថៃ ដែលនឹងលេចចេញជារូបរាង នាពេលឆាប់ៗខាងមុខ ។ គម្រោងទស្សនកិច្ចនេះ ធ្វើឡើងជាសកម្មភាព ធ្វើដំណើរជាក្បួនរថយន្ត មកពី៣ប្រទេស ដើម្បីធ្វើដំណើររួមគ្នា ទៅកាន់តំបន់ទេសចរសំខាន់ៗ នៃប្រទេសទាំង៣តែម្តង៕

To Top