ព័ត៌មានជាតិ

ជម្រះបណ្តឹងសារទុក្ខស្រ្តីម្នាក់ ពាក់ព័ន្ធការ ធ្វើទារុណកម្ម និង វះមុខក្មេងស្រីម្នាក់អាយុ៥ឆ្នំា (Video)

ភ្នំពេញ៖ តុលាការកំពូល នៅថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសារទុក្ខ ស្រ្តីជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការទារុណកម្ម និង អំពើឃោរឃៅ ទៅលើ កុមារីម្នាក់អាយុ៥ឆ្នាំ ដោយនឹងខឹងនឹងជនរងគ្រោះ បានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន ដោយចាប់ជនរងគ្រោះ វះមុខនិងអារដៃ របស់នាង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ប្រព្រឹត្តនៅ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទមាន ឈ្មោះ លីវ ប៊ុនធឿន ភេទស្រី អាយុ ៤៣ ឆ្នាំ មានទីលំនៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ ៥ ឆ្នាំ មានទីលំនៅ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានកាត់ទោស ជនជាប់ចោទ ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ និង បង្គាប់ឱ្យជនជាប់ចោទ ត្រូវសងជម្ងឺចិត្តចំនួន ២០០ លានរៀល កុមារីរងគ្រោះ ពីបទ: អំពើឃោរឃៅ និងទារុណកម្ម មានស្ថានភាពទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ។

ស្រ្តីជាប់ចោទ លីវ ប៊ុនធឿន ប្តឹងរឧទ្ទរណ៍ ។ តែ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ គាត់ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ស្រ្តីជាប់ចោទឈ្មោះ លីវ ប៊ុនធឿន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តុលាការកំពូលនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃច័ន្ទទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ ខាងមុខនេះ ៕

ដោយ លីហ្សា

To Top