ព័ត៌មានជាតិ

Update: អភិបាលរងខេត្តកំពង់ស្ពឺ មួយរូប កំពុងអន្តរាគមន៍ ធានាជនក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងក្លាយ លួចលក់អចនលទ្រព្យ (Video)

ភ្នំពេញ៖ សេចក្តីរាយការណ៍នានា បានឱ្យដឹងថា មានអភិបាលរងខេត្តកំពង់ស្ពឺ មួយរូប កំពុងអន្តរាគមន៍ ធានាជនក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងក្លាយ លួចលក់អចនលទ្រព្យ ដែលត្រូវបាន ចៅក្រមសម្រេចចេញដីកាឃុំខ្លួន មានឈ្មោះ ញឹម ចាន់ថន ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិតាំងគម្ពីរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិ-ឃុំខាងលើ ហើយត្រូវបានចៅក្រមចេញដីកាសម្រេចឃុំខ្លួនលេខ៦១០៧ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

ជនជំនាញខាងក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង លួចលក់អចលនវត្ថុរបស់អ្នកដទៃម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួចប្រគល់ឲ្យតំណាងអយ្យការ និងចៅក្រមចាត់វិធានការ តាមនីតិវិធីច្បាប់។

បើតាមប្រភពពីមន្ត្រីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនឈ្មោះ យឹម ចាន់ថននេះ គឺជាមុខសញ្ញា ដែលជំនាញខាងក្លែងឯកសារ លក់អចលនវត្ថុរបស់អ្នកដទៃ ដែលកន្លងមកមានអ្នកប្តឹង ជាច្រើននាក់មកហើយ តែជននេះមានខ្នងបង្អែកម្នាក់ ជាមន្ត្រីសាលាខេត្ត (ប្រធានការិយាល័យ) ចាំជួយជ្រោមជ្រែង នាពេលកន្លងមក ទើបរូបគេចេះតែមានសំណាងគេចផុត ពីការចាប់ខ្លួនរហូតមក ទើបតែលើកនេះ ទំនងជាអស់លក្ខណ៍ហើយមើលទៅ ទើបជាប់ខ្នោះ របស់សមត្ថកិច្ចបែបនេះ។

ប្រភពដដែលបន្តថា ដំណាក់កាលតំណាងអយ្យការ និងចៅក្រមស៊ើប គឺមានអ្នករត់ការ (ខ្នងបង្អែក) ខ្នះខ្នែងដោយពួកគេ ហ៊ានចំណាយលុយជិត២ម៉ឺនដុល្លារ ដើម្បីឱ្យជនម្នាក់នេះ បានរួចខ្លួនវិញ តែទោះបីជាខ្នងបង្អែករបស់ជននេះ ខិតខំខ្នះខ្នែងរត់ការ យ៉ាងណាក៏ដោយ ដើម្បីភាពយុត្តិធម៌ គឺគ្មាននរណាម្នាក់ អើពើនឹងការស្នើសុំ ឲ្យមានការដោះលែងនេះដែរ។ សកម្មភាព និងការប្រព្រឹត្តិលួចលក់អចលនវត្ថុ របស់អ្នកដទៃនេះ បើយោងតាមប្រភព ពីមន្ត្រីសមត្ថកិច្ច គឺមិនមែនមានតែរូបគេ ម្នាក់នោះទេ ដែលប្រព្រឹត្ត គឺនៅមានគ្នីគ្នាចំនួន ៧ទៅ៨នាក់ទៀត ដែលសុទ្ធសឹងជាអ្នករួមគំនិត ហើយអ្នកដែលធំជាងគេ និងធ្វើជាខ្នងបង្អែកនោះ គឺជាមន្ត្រីសាលាខេត្ត និងអនុប្រធានមន្ទីរមួយរូប ជាអ្នកនៅពីក្រោយខ្នងពួកគេ ដែលយើងបញ្ចេញឈ្មោះ ពិតនៅពេលក្រោយ។

តែទោះជាយ៉ាងណា ជនឈ្មោះ យឹម ចាន់ថននេះ ទំនងជាមិនព្រមជាប់គុកម្នាក់ឯងនោះទេ ព្រោះការក្លែងលិខិតទាល់តែមាន អ្នកពូកែដែលជាមន្ត្រី។ ហើយមហាជនរង់ចាំមើលថា តើខ្នងបង្អែករបស់ជននេះអាចរត់ការ ដើម្បីឲ្យឈ្មោះ យឹម ចាន់ថន បានរួចខ្លួនពីពន្ធនាគា រដោយរបៀបណា?

ដោយឡែកប្រភព ពីអ្នករស់នៅភូមិតាំងគម្ពី សុំមិនបញ្ចេញឈ្មោះឯណោះវិញ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលរត់ការឲ្យជនម្នាក់នេះ គឺជាអ្នកធ្លាប់ទទួលបាន ផលប្រយោជន៍ពីជននេះ តាមរយៈការឲ្យដី ដែលជាដីរបស់អ្នកដទៃ ទៅឲ្យខ្នងបង្អែករបស់គេ។ មូលហេតុនេះហើយ ទើបបានជាខ្នងបង្អែករបស់ជននេះ ស្វះស្វែង ដើម្បីឲ្យមានការដោះលែងជននេះ។ និយាយជារួមទៅ ការអោយដីទៅខ្នងបង្អែក របស់ជននេះ នាពេលកន្លងមក គឺជននេះយកដីរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន អោយទៅខ្នងបង្អែករបស់គេ ប្រមាណជិត១០ហិកតាឯណោះ ចុងក្រោយក៏រងនូវបណ្តឹង ហើយក៏ត្រូវឃាត់ខ្លួនតែម្តង។

ព័ត៌មានបន្ថែម នឹងមានផ្សាយជូននៅពេលក្រោយ ៕

To Top