ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីរៀបចំសន្តិសុខ នៃការ បោះឆ្នោត ឲ្យមានភាព ត្រឹមត្រូវ យុត្តិធម៌ ស្របទៅ តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញឲ្យគណៈកម្មការអចិន្ត្រៃយ៍ រៀបចំសន្តិសុខ សម្រាប់ការបោះឆ្នោត ធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោត នាពេលខាងមុខ មានភាពត្រឹមត្រូវ យុត្តិធម៌ ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា មន្ត្រីរដ្ឋបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវរៀបចំទាំងសកម្មភាព និងឯកសារនានា ដើម្បីគាំទ្រធ្វើយ៉ាងណា ឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ខាងមុខនេះ ឲ្យមានបរិយាកាសល្អ ភាពត្រឹមត្រូវយុត្តិធម៌ ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។លោកអភិបាលខេត្ត ក៏បានរំលឹកដល់មន្ត្រីពាក់ព័ន្ធ ឲ្យមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួន។

ក្នុងកិច្ចប្រជុំនេះដែរ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖

ទី១ ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

ទី២ ៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែមេសា និងទិសដៅការងារប្រចាំ ខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ៕

To Top