ព័ត៌មានជាតិ

ធនាគារជាតិកម្ពុជា និងភាគីពាក់ព័ន្ធផ្តួចផ្តើម យុទ្ធនាការបរិច្ចាគឈាម «សង្គ្រោះជីវិតខ្ញុំ»

ភ្នំពេញ៖ ខណៈតម្រូវការឈាមដើម្បីសង្រ្គោះអាយុជីវិត មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការផ្គត់ផ្គង់ឈាម បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យធនាគារ និងសមាគមធនាគារកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមរៀបចំយុទ្ធនាការបរិច្ចាគឈាម «សង្គ្រោះជីវិតខ្ញុំ»។

កម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាលសហភាព សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ អគារខេមរានី វិថីវិចិត្រសិល្បៈ ខណ្ឌជ្រោយចង្វារ ដោយមានអ្នកចុះឈ្មោះ ចូលរួមសរុបប្រមាណជាង ៧០០នាក់។ បន្ថែមពីលើការបរិច្ចាគឈាម សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបរិច្ចាគថវិកាចំនួន ៤ម៉ឺនរៀលបន្ថែម សម្រាប់ឈាមមួយប្លោក ជូនដល់មន្ទីរពេទ្យឲគន្ធបុប្ផា។

ក្នុងពិធីបើកយុទ្ធនាការបរិច្ចាគឈាមនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជាមានប្រសាន៍ថា «ក្រោមកិច្ចសហការពីស្ថានប័នទាំងបួន យុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិតខ្ញុំ មានគោលបំណងធំៗចំនួនបីគឺ៖ទី១. កៀរគរការបរិច្ចាគឈាមពី បុគ្គលិកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងសាធារណជន ដើម្បីជួយសង្គ្រោះជីវិតអ្នកដែលមាន តម្រូវការឈាមបន្ទាន់ ទី២. បរិច្ចាគថវិកាសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង ទ៣. លើកកម្ពស់ការយល់ដឹងអំពី សារៈសំខាន់នៃការបរិច្ចាគឈាម»។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានប្រៀបធៀបសារៈសំខាន់ របស់វិស័យធនាគារទៅនឹងឈាមថា វិស័យធនាគារត្រូវបានប្រៀប ជាបេះដូងនៃសេដ្ឋកិច្ចជាតិ។ ហេតុដូចនេះ ការផ្តល់សេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រៀបដូចជាសរសៃឈាមដែលនាំ ឈាមទៅចិញ្ចឹមរូបកាយរបស់មនុស្ស។ វិស័យធនាគារ ក៏បាននិងកំពុងចូលរួមការងារ មនុស្សធម៌ជាច្រើន ដូចជា ការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ការកសាងហេដ្ឋារចនាសម័្ពន្ធនានា ការបណ្តុះបណ្តាលធនធានមនុស្ស និងការងារមនុស្សធម៌ផ្សេងៗទៀត។

លោកបន្ដថា “ដោយពិនិត្យឃើញ តម្រូវការឈាមនៅកម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ ខណៈ អ្នកបរិច្ចាគឈាមមិនបាន គ្រប់គ្រាន់តាមតម្រូវការ ទើបថ្ងៃនេះជួបជុំគ្នាចូលរួមយុទ្ធនាការស្តីពី “សង្គ្រោះជីវិតខ្ញុំ” និងបន្ថែមជាមួយការប្រមូល ថវិកាបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ»។

លោកស្រី តិមា វិច្ឆិកាល សមាជិកគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបានថ្លែងថា «ការចូលរួមពីគ្រប់កោសិការបស់ សង្គមកម្ពុជាក្នុងការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តនេះ គឺជាចលនាសង្គ្រោះអាយុជីវិតរបស់ប្រជាជន និងកុមារដែលកំពុងមាន តម្រូវការឈាមជាចាំបាច់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ដើម្បីរស់រានមានជីវិត» ។

លោក ដុស ឌីន ប្រធានគណៈកម្មការ ទំនាក់ទំនងសាធារណៈ និងកិច្ចការសង្គម និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងចំណាប់អារម្មណ៍ថា «ខ្ញុំបាទសង្ឃឹមថា ការចូលរួម កិច្ចការសង្គមនាថ្ងៃនេះ នឹងជាក្លាយជាចំណែក មួយទៀតសម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការជួយដល់ប្រជាជនកម្ពុជា ដូចដែលយើងបាននិងកំពុងធ្វើជាង បីទសវត្សរ៍ក្នុងការជួយប្រជាជនកម្ពុជា បង្កើនជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយការទទួលខុសត្រូវ»។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ វិស័យហិរញ្ញវត្ថុបាននិងកំពុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា។ វិស័យនេះមានឫសគល់ នៅក្នុងការបម្រើបេសកម្មសង្គម ដើម្បីធ្វើឲ្យប្រទេសមានការ អភិវឌ្ឍប្រកបដោយនិរន្តរភាព និងបង្កើតឱកាសដល់ ប្រជាជនក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ដែលមានការការពារអតិថិជន ។ ក្នុងន័យនេះវិស័យធនាគារបានរួមចំណែក ក្នុងការលើកកម្ពស់ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា៕

To Top