ព័ត៌មានជាតិ

ស្រីលង្កាសង្ឃឹមថា អាចបង្កើតជើងហោះហើរត្រង់ ជាមួយកម្ពុជា ដើម្បីជំរុញវិស័យធុរកិច្ច និងទេសចរណ៍

ភ្នំពេញ ៖ លោកស្រី COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE ឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំកម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា កម្ពុជា និងស្រីលង្កា អាចបង្កើតជើងហោះហើរត្រង់ ដើម្បីជំរុញដល់វិស័យធុរកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ ។

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប សម្តែងការគួរសម ជាមួយ លោកស្រីទូតស្រីលង្កា ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ដើម្បីពិភាក្សាការងារសំដៅ ជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានជម្រាបពីសក្តានុពលធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយ ចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាដើម។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឲ្យធុរជនស្រីលង្កា ពិនិត្យលទ្ធភាពមកវិនិយោគ នៅកម្ពុជាកាន់តែច្រើន និងបានជំរុញឲ្យមានការបង្កើន កិច្ចសហប្រតិបត្តិការធុរកិច្ចបន្ថែមទៀត តាមរយៈសភាពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ លោករដ្ឋលេខាធិការ ដែលបានអនុញ្ញាតលោកស្រីចូលជួបសម្តែងការគួរសម និងបានស្វែងយល់ពីសក្តានុពល ពាណិជ្ជកម្មក៏ដូចជា វិនិយោគ និងទេសចរណ៍នៅកម្ពុជា។ លោកស្រី «សង្ឃឹមថា កម្ពុជា និងស្រីលង្កា អាចបង្កើតជើងហោះហើរត្រង់ ដើម្បីជំរុញដល់វិស័យធុរកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ» ។

លោកស្រីឯកអគ្គរដ្ឋទូតបន្តថា ដើម្បីអបអរសាទរខួបទំនាក់ទំនងការទូតលើកទី៧០ ដែលគ្រោងនឹងរៀបចំឡើងក្នុងឆ្នាំនេះ ភាគីទាំងពីរនឹងពិនិត្យលទ្ធភាព រៀបចំព្រឹត្តិការណ៍ផ្គូរផ្គងធុរកិច្ចក៏ដូចជា ជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ ។

ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងដ៏ល្អ និងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី កាន់តែរីកចម្រើនបន្ថែមទៀត ៕

To Top