ព័ត៌មានជាតិ

សម្ដេចតេជោ ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិក សរសេរការពិតពីកម្ពុជា (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ទស្សនកិច្ចនៅកម្ពុជា និងសរសេរការពិតពីកម្ពុជា។ ក្នុងន័យសម្ដេចថា កម្ពុជាបានរងនូវអយុត្តិធម៌ច្រើនណាស់ កើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រាស់ចាក់ពីសភាពការណ៍ពិតនៅកម្ពុជា។

ក្នុងជំនួបជាមួយ លោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello)ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន) សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន មានវឌ្ឍនភាព រីកចម្រើន និងទទួលបានជោគជ័យជាច្រើន ក្នុងកិច្ចការអភិវឌ្ឍ។ 

សម្តេចតេជោបញ្ជាក់ថា ជារឿងសំខាន់ណាស់ ចំពោះការងារផ្សព្វផ្សាយនូវអ្វី ដែលជាតថភាពជាក់ស្តែង របស់កម្ពុជា។ សម្តេចថា ស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនដូចអ្វីដែលលើកឡើងនៅទំព័រសារព័ត៌មានប្រឆាំងនឹងកម្ពុជានោះទេ។ 

ពាក់ព័ន្ធការបណ្តុះបណ្តាលអ្នកនាំពាក្យវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាកំពុងជំរុញការបណ្តុះបណ្តាល មន្ត្រីអ្នកនាំពាក្យឲ្យមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការផ្តល់ព័ត៌មានជាក់ស្តែង ស្តីពីការរីកចម្រើនរបស់កម្ពុជា។

សម្តេចតេជោបញ្ជាក់ទៀតថា កម្ពុជាមិនចង់ឲ្យផ្សព្វផ្សាយអ្វី ដែលហួសពីការពិតរបស់កម្ពុជានោះដែរ ពោលគឺផ្សាយ ត្រឹមស្ថានភាពជាក់ស្តែង របស់កម្ពុជាតែប៉ុណ្ណោះ។ សម្តេចតេជោបន្តថា កម្ពុជាបានរងអយុត្តិធម៌ច្រើនណាស់ កើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រាស់ចាក់ពីសភាពពិតនៅកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា ការបណ្តុះបណ្តាល មន្ត្រីអ្នកនាំពាក្យជារឿងសំខាន់ ណាស់សម្រាប់កម្ពុជា ដើម្បីពាំនាំការពិតរបស់កម្ពុជា ទៅកាន់ពិភពលោក។

ពាក់ព័ន្ធការផ្សព្វផ្សាយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា មានស្ថាប័នអន្តរជាតិមួយចំនួន តែងតែយកការផ្សព្វផ្សាយព័ត៌មាន ជាមូលដ្ឋាន ក្នុងការវាយតម្លៃរបស់ខ្លួន ហើយនាំឲ្យការវាយតម្លៃមិនបានត្រឹមត្រូវ ព្រោះព័ត៌មានដែលគេយកជាមូលដ្ឋាន ជាប្រភពផ្សព្វផ្សាយ មិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។

តបនឹងអ្វីដែលសម្តេចតេជោ បានលើកឡើងនេះ លោក មីសែល ភីទ្រុសហ្សិលឡូ បានសន្យាជួយជំរុញ ដល់ការផ្សព្វផ្សាយឲ្យផ្សាយនូវអ្វី ដែលជាការពិតពីកម្ពុជា ជាពិសេសពាក់ព័ន្ធការអភិវឌ្ឍ និងភាពរីកចម្រើននៅកម្ពុជា។

លោក បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ច របស់ក្រុមការងារលោកនៅកម្ពុជា គឺបានមើលឃើញថា កម្ពុជាពិតជាមានសន្តិភាព ហើយមានការរីកចម្រើន។ ចំណុចល្អទាំងនេះ ចាំបាច់ត្រូវឲ្យពិភពលោកបានដឹង។

លោក មីសែល ភីទ្រុសហ្សិលឡូ ចាត់ទុកដំណើរទស្សនកិច្ច របស់សម្តេចតេជោ នៅលើទឹកដីអាមេរិកនាពេលនេះ ជាដំណើរទស្សនកិច្ចដ៏ល្អបំផុត។ លោកប្រាប់សម្តេចតេជោថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយ ហើយតែមានការចង់ដឹងព័ត៌មាននានាពាក់ព័ន្ធនឹងកម្ពុជា។ 

លោកក៏ចង់ឃើញកម្ពុជា បង្កើនការបណ្តុះបណ្តាលអ្នកនាំពាក្យ និងតំណាងរបស់កម្ពុជានៅគ្រប់វិស័យទាំងអស់ ដើម្បីបង្កើនសមត្ថភាពក្នុងការបង្ហាញ និងឆ្លើយតបបញ្ហាពាក់ព័ន្ធរបស់កម្ពុជាទៅកាន់ពិភពលោក ៕

To Top