ព័ត៌មានជាតិ

សម្តេចតេជោ៖ លោក ចូ បៃឌិន និយាយមកកាន់ខ្ញុំផ្ទាល់ថា សូមចូលរួមរណទុក្ខ ចំពោះបងប្រុសរបស់ឯកឧត្តម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីភ្ញាក់ផ្អើល និងរំភើបចំពោះសាររំលែកទុក្ខ របស់លោក ចូ បៃឌិនដែលនិយាយមកកាន់សម្តេចដោយផ្ទាល់ ចំពោះការស្លាប់របស់សម្តេច ហ៊ុន ណេង បងប្រុសបង្កើតសម្តេច ។

នេះជាពាក្យលោក ចូ បៃឌិន និយាយមុនគេមកកាន់សម្តេច បន្ទាប់ពីលោកអានសុន្ទរកថា ក្នុងនាមប្រធានាធិបតីអាមេរិក ឯសម្តេចអានសុន្ទរកថា ក្នុងនាមជាប្រធានអាស៊ាន និងប្រធានាធិបតីឥណ្ឌូនេស៊ីអានសុន្ទរកថា ក្នុងនាមប្រទេសសម្របសម្រួល អាស៊ាន-អាមេរិក ។ នេះបើតាមការបង្ហាញក្នុងហ្វេស ប៊ុកសម្តេចនាថ្ងៃ១៣ ឧសភា (ម៉ោងនៅកម្ពុជា)។

សម្តេចតេជោបញ្ជាក់ថា “ទៅលើសពីនេះអ្វីដែលខ្ញុំភ្ញាក់ផ្អើល និងរំភើបនោះ ប្រធានាធិបតីសហអាមេរិក ចូ បៃដិន(Joe Biden) តែម្តងដែលនិយាយមកកាន់ខ្ញុំថា (សូមចូលរួមរណទុក្ខ ចំពោះបងប្រុសរបស់ឯកឧត្តម)” ។

សម្តេចបានលើកឡើងពីលោក ចូ បៃឌិនទៀតថា “គាត់ជាមនុស្សពោរពេញ ដោយមនោសញ្ចេតនា គួរគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធ និងបងប្អូនដែរ ។ ដូចនេះគាត់យល់ពីអារម្មណ៍ សោកសៅរបស់ខ្ញុំនៅពេលនេះ ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ។ ខាងភាគីសហរដ្ឋអាមេរិក ដែលបានបញ្ចេញយោបល់ សុទ្ធតែបានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ខ្ញុំ មកសហរដ្ឋអាមេរិក ដើម្បីរួមចំណែកសម្រាប់ការ សម្រេចបានលទ្ធផល នៃការប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក។ សូមវិញាណក្ខន្ធបងប្រុសទៅឲ្យបានស្ងប់ចុះ” ។

សម្តេចក៏បានឲ្យដឹងទៀតថា ក្រៅពីសាររំលែកទុក្ខ របស់ប្រធានាធិបតីអាមេរិកហើយ ថ្នាក់ដឹកនាំអាស៊ានផ្សេងទៀត ក៏បានចូលរួមមរណទុក្ខជាថ្មីម្តងទៀត បន្ទាប់ពីបញ្ជូនសារលិខិតរំលែទុក្ខលើកមុន ខណៈមានជំនួបរវាងថ្នាក់ដឹកនាំ អាស៊ានជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិក អ្នកសម្របសម្រួលកម្មវិធីក៏ឆ្លៀតសំដែង នូវមរណទុក្ខក្នុងអង្គប្រជុំផ្លូវការដែរ ៕

To Top